រឿង សោភ័ណ្ឌ អះអាងថាកីឡាករគុនខ្មែរប្រភេទទម្ងន់ ៧១-៧២ នៅតែមិនទាន់អាចនិយាយបានថាឡាករណាម្នាក់ដែលខ្លាំងជាងគេឈរនៅលំដាប់លេខ១នៅឡើយ ប៉ុន្តែរូបគាត់បាន ចាត់ទុកថានាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា នៅតែជាជើងខ្លាំងមួយរូបដែលកីឡាករផ្សេងទៀតមិនអាចយកឈ្នះ ប្រសិនបើរូបគេហ្វឹកហាត់បានដិតដល់។
អ្នកលេងកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានលើកឡើងថា កីឡាករគុនខ្មែរប្រភេទទម្ងន់ ៧១ និង៧២គីឡូក្រាម នៅពុំទាន់មាននរណាខ្លាំងដាច់គេនៅឡើយទេ ពោលគឺនៅតែជាមានការអះអាងផ្សេងៗគ្នា គាត់ក៏បានបញ្ជាក់ទៀតដែលថា ប្រសិនបើចង់រកអ្នកលេខ១ក្នុងប្រភេទទម្ងន់នេះ ទាល់តែប្រកួតដណ្តើមរង្វាន់ធំៗដូចជាឡានមួយគ្រឿងជាដើម ដូច្នេះក្រុមកីឡាករទាំងអស់នឹងខិតខំប្រកួតអស់សមត្ថភាព ហើយក៏អាចនឹងរកឃើញអ្នកដែលខ្លាំងដាច់គេឈរនៅលំដាប់លេខ១ដែរ។
រឿង សោភ័ណ្ឌ ក៏បានអះអាងដែរថា ប្រសិនបើមានការប្រកួតដណ្តើមរង្វាន់ធំៗពិតប្រាកដមែន រូបគេក៏នឹងចូលរួមដែរ ដោយសុខចិត្តតំឡើងគីឡូទៅប្រកួត ហើយក៏មិនមានការយោគយល់គ្នាដែរ ពោលគឺប្រកួតអស់សមត្ថភាពដូចគ្នា។ទោះជាបែបនេះក្តី ប៉ុន្តែ រឿង សោភ័ណ្ឌ អះអាងថា ឡៅ ចន្ទ្រា នៅតែជាកីឡាករក្នុងដួងចិត្តដែលមិនអាចមើលរំលងបាន ទាំងដែលកីឡាករគុនខ្មែរដែលកំពុងធ្វើព្យុះធ្វើភ្លៀងក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម គឺមាន ធឿន ធារ៉ា និងឈឿង ល្វៃ ដែលបានយកឈ្នះកីឡាករបរទេសជាច្រើនរូបជាបន្តបន្ទាប់ក៏ដោយ