ក្លឹប Al Ettifaq របស់ Saudi Pro League បានដាក់សំណើជាលាយលក្ខណ៍អក្សរទៅកាន់ Wilfried Zaha ដែលមានតម្លៃ 16 លានផោនក្នុងមួយរដូវកាល។

Zaha ដែលក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Crystal Palace ត្រូវបានផុតកំណត់នៅថ្ងៃទី 1 ខែកក្កដានេះ ខណៈបច្ចុប្បន្នរូបគេកំពុងថ្លឹងថ្លែងអំពីការផ្តល់ជូនពីសំណាក់ក្លឹបអឺរ៉ុបមួយចំនួន រួមមាន Paris Saint-Germain, Napoli និង Galatasaray ។ ក្លឹបទាំងអស់នេះសុទ្ធតែបានធ្វើការចរចារជាមួយនឹងភ្នាក់ងាររបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នេះបើយោងតាមកាសែត The Guardian ខណៈពេលដែល Lazio និង Fenerbahce ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនផងដែរ។ ដូចដែលបានរៀបរាប់ខាងលើ កីឡាករអន្តរជាតិកូតឌីវ័រវ័យ 30 ឆ្នាំរូបនេះកំពុងត្រូវបានផ្តល់ជូនជាទឹកប្រាក់ចំនួន 20 លានដុល្លារ [£16m] ក្នុងមួយរដូវកាល។ ប៉ុន្តែកិច្ចព្រមព្រៀងមួយនេះត្រូវបានជាប់គាំងក្រោយភ្នាក់ងាររបស់ Zaha បានទាមទារទឹកប្រាក់ចំនួន ៧.៥លានផោនបន្ថែមទៀតលើកិច្ចព្រមព្រៀងមួយនេះ។

វាត្រូវបានគេរាយការណ៍កាលពីខែមុនថា អតីតខ្សែប្រយុទ្ធរបស់ Crystal Palace រូបនេះ បានបដិសេធកិច្ចព្រមព្រៀង 30 លានផោនក្នុងមួយឆ្នាំ ដើម្បីចូលរួមជាមួយ Cristiano Ronaldo នៅ Al Nassr ដែលជាតួលេខដែលស្មើនឹងប្រហែល 600,000 ផោនក្នុងមួយសប្តាហ៍។ ទន្ទឹមនឹងនេះដែរ Crystal Palace ក៏បានព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សា Zaha នៅ Selhurst Park សម្រាប់រដូវកាលថ្មី ដោយផ្តល់កិច្ចសន្យាថ្មីដែលមានប្រាក់ឈ្នួលដល់ទៅ 200,000 ផោនក្នុងមួយសប្តាហ៍ក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូលគាត់ឱ្យចុះកិច្ចសន្យាថ្មី។