កីឡាករប្រដាល់គុនចម្រុះ Emmanuel Onyedikachi ដែលមានឈ្មោះខ្មែរ ម៉ានូ សិល្បៈ ឡើងប្រកួតតំណាងប្រទេសកម្ពុជា និងតំណាងឱ្យគុនខ្មែរ រយៈពេល១០ឆ្នាំ ព្រោះក្តីស្រលាញ់ចេញពីបេះដូងចំពោះសិល្បៈគុនខ្មែរ។ ការសម្រេចចិត្តចូលហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរនេះដែរ ម៉ានូ បញ្ជាក់ថាព្រោះគុនខ្មែរមានភាពពិសេសត្រង់ប្រើបច្ចេកទេសពេលប្រកួតច្រើនជាង ប្រើកម្លាំង។

ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនចម្រុះជនជាតិអាហ្រ្វ៊ិកខាងត្បូង Emmanuel Onyedikachi លើកឡើងថាខ្លួនបានមករស់នៅប្រទេសកម្ពុជាជាង ១០ឆ្នាំមកហើយ និងបានចាប់ចិត្តជាមួយក្បាច់គុនបុរាណខ្មែរតាំងពីពេលនោះមក។
កីឡាករ Emmanuel Onyedikachi ឬ ម៉ានូ សិល្បៈ បានរៀបរាប់ថា៖
“ខ្ញុំហាត់គុនខ្មែរជាមួយ ចាន់ រតនា តាំងពីឆ្នាំ២០០៨ ខ្ញុំហាត់បាន៨ខែខ្ញុំសុំប្រកួត។ បន្ទាប់មកគេឱ្យខ្ញុំវាយនៅក្រៅស្រុក ហើយខ្ញុំវាយតំណាង កម្ពុជា និងគុនខ្មែរតាំងពីពេលនោះមក”។

គាត់បានបន្តទៀតថា៖
“ក្រៅពីវិស័យគុនខ្មែរ ខ្ញុំចូលចិត្តប្រដាល់សកល កីឡាក្នុងទ្រុង MMA ប៉ុន្តែខ្ញុំស្រលាញ់គុនខ្មែរច្រើនជាង ព្រោះគុនខ្មែរគេប្រើក្បាច់ច្រើន ប្រើកែង ជង្គង់ ជើង ហើយអត់សូវប្រើកម្លាំងទេ តែប្រើខួរក្បាល”។
សូមបញ្ជាក់ថា កីឡាករគុនចម្រុះ Emmanuel Onyedikachi មានប្រវត្តិប្រកួតក្នុងស្រុក និងក្រៅស្រុក ៥៧លើក ឈ្នះ៥០លើក និងចាញ់៧លើក ប្រកួតចុងក្រោយយកឈ្នះកីឡាកររុស្ស៊ី DARA ដោយវាយឱ្យសន្លប់ទឹកទី៣ លើប្រភេទទម្ងន់ ៨៨គីឡូក្រាម៕