យោងតាមសារព័ត៌មាន Foot Mercato បានឲ្យដឹងថា ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូននូវសំណើកីឡាករ Donnarumma និង Verratti ជាថ្នូរ សម្រាប់ដោះដូរលើខ្សែបម្រើឆ្នើមរបស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Bernardo Silva។ កីឡាករសញ្ជាតិព័រទុយហ្គាល់ មានវ័យ ២៨ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពាន ៣ ក្រោមការដឹកនាំរបស់លោក Pep Guardiola នារដូវកាលនេះ។ ចាប់តាំងពីការផ្ទេរក្នុងតម្លៃ ៤៣លានផោន ពីក្រុម Monaco នៃលីគ Ligue ១ នៅរដូវកាលឆ្នាំ ២០១៧ កីឡាករ Silva បានបង្ហាញខ្លួនសរុបចំនួន ៣០៦ដង សម្រាប់ Man City ដោយស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ និងជួយក្លឹបឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងរបស់ក្លឹបផងដែរ។

ក្លឹប Man City បានដាក់តម្លៃ Bernard Silva ដល់ទៅ ៧០លានផោន ខណៈនៅសល់កុងត្រារយៈពេល ២ឆ្នាំទៀតជាមួយ Man City។ ទោះបីជាមានការបដិសេធពីសំណាក់ក្លឹប Man City ជាច្រើនលើកច្រើនសារក្តី ក៏ក្លឹប PSG នៅតែខិតខំប្រឹងប្រែងនាំយក Silva មករួមក្រុម៕