ក្រោយ​ពី​វត្តមាន​របស់​ សុខ​ ធី​ ដល់​ទឹកដី​កម្ពុជា​គឺ​មាន​អ្នក​គាំទ្រ​ជជែក​ច្រើន​អំពី​ទម្ងន់​ ៦០​គីឡូក្រាម​ និង​រឿង​ចង់​ឲ្យ​រូប​គេ​ប៉ះ​គ្នា​ជា​មួយ​កីឡាករ​ខ្មែរ​ដែល​ខ្លាំងៗ​ជា​ច្រើន​នៅ​កម្ពុជា។​ មាន​អ្នក​គាំទ្រ​ខ្លះ​ចង់​ឲ្យ​ សុខ​ ធី​ ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ ឬ​ប្រកួត​ម៉ារ៉ាតុង​ទៀត​ផង។​

រូបភាពលើហ្វេសបុកឧកញ៉ា ស្រី ចាន់ថន
ពាក់ព័ន្ធ​រឿង​ខាង​នេះ​ដែរ​ម្ចាស់​ក្លឹប​ Kun Khmer International Fight Gym (KKIF) ​លោក​ ឧកញ៉ា​ ស្រី​ ចាន់ថន​ បាន​បង្ហោះ​សារ​នៅ​ហ្វេសបុក​ផេក​របស់​លោក​ដោយ​បញ្ជាក់​ថា៖​ ទី១​ នៅ​អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៣​ នេះ​កីឡាករ​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​ក្នុង​វិធី​ធំ​មួយ​នៅ​ប្រទេស​ថៃ។​ ទី២​ តាម​គំនិត​រួម​របស់​ថ្នាក់ដឹកនាំ​ក្លឹប​ KKIF​ គឺ​មិន​ចង់​ឲ្យ​កីឡាករ​ខ្មែរ​ប៉ះ​ខ្មែរ​គ្នា​ឯង​នោះ​ទេ​ ពិសេស​ចំពោះ​កីឡាករ​ដែល​ស្ថិត​ក្នុង​កម្រិត​ប្រកួត​អន្តរជាតិ​តែ​ម្ដង។​ ទី៣​ គោលដៅ​របស់​ក្លឹប​ចំពោះ​ការ​នាំ​យក​កីឡាករ​ សុខ​ ធី​ មក​ពី​ថៃ​វិញ​នេះ​គឺ​ចង់​ឲ្យ​រូប​គេ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ដណ្ដើម​ជ័យជម្នះ​ និង​លើក​ទង់ជាតិ​ខ្មែរ​លើក​ឆាក​អន្តរជាតិ​ជូន​កម្ពុជា​ និង​ជួយ​ផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ​បន្ថែម​ទៀត​ផង​ដែរ។​

រូបភាពលើហ្វេសបុកឧកញ៉ា ស្រី ចាន់ថន
ចុង​ក្រោយ​នេះ​ដែរ​លោក​ឧកញ៉ា​បាន​សុំ​ការ​យោគយល់​ដោយ​ក្ដី​អនុគ្រោះ​អំពី​រឿង​ដែល​កំពុង​ក្ដៅ​ពាក់ព័ន្ធ​ទៅ​និង​ការ​ផ្គូផ្គង​កីឡាករ​ សុខ​ ធី​ នេះ​ផង​ដែរ។​ រំលឹក​ដែរ​ថា​ សុខ​ ធី​ ជា​កីឡាករ​ខ្មែរ​មួយ​រូប​ដែល​ល្បីឈ្មោះ​ទាំង​នៅ​ស្រុក​ថៃ​ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ បច្ចុប្បន្ន​នេះ​រូប​គេ​បាន​ផ្ទេរ​ និង​រួម​រស់​ជា​មួយ​ក្លឹប​ថ្មី​ Kun Khmer International Fight Gym (KKIF)​ ដែល​ជា​របស់​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ ហើយ៕​