លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានចេញមកសុំទោសជាសាធារណៈ ក្រោយផ្ទុះការរិះគន់ ករណីរូបលោកបានថើបមាត់កីឡាការិនី Henni Hermoso នៅអំឡុងស្រ្តីអេស្ប៉ាញ ដណ្តើមបានជើងឯក Women’s World Cup 2023 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ។ លោក Rubiales បានរត់ទៅអបអរតាមរយៈថើបបបូរមាត់កីឡាការិនីខ្សែប្រយុទ្ធ Hermoso នៅពេលបញ្ចប់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រដែលអេស្ប៉ាញបានយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ក្នុងលទ្ធផល ១ទល់នឹង០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។
នៅថ្ងៃចន្ទម្សិលមិញ លោក Rubiales បានថ្លែងដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ខ្ញុំពិតជាបានធ្វើខុសមែន។ ខ្ញុំសុំទោសចំពោះរឿងដែលបានកើតឡើងនេះ។ មែនទែនទៅ វាពុំមែនជាកាយវិការដែលអាក្រក់ណាស់ណាទេ នៅពេលយើងមានអារម្មណ៍អស្ចារ្យបែបនេះ វាជាធម្មជាតិទៅហើយ»។
លោកបានបន្ថែមថា «យ៉ាងនេះក្តី ខ្ញុំត្រូវតែសុំទោស និងរៀនសូត្រពីកំហុសឆ្គងមួយនេះ ទុកជាមេរៀន ដោយមើលឃើញថា វាមិនសមហេតុផលនោះទេ នៅពេលយើងធ្វើប្រធានគេ»។
ក្នុងន័យនេះអាចនិយាយបានថា វាជាការឆ្លើយតបទៅនឹងមតិរិះគន់ និងការមិនពេញចិត្តពីសំណាក់សាមីខ្លួន Hermoso ដែលនាងបានសរសេរបង្ហោះនៅលើបណ្តាញ Instagram ផងដែរថា «ខ្ញុំមិនចូលចិត្តរឿងនេះទេ»។
លោក Rubiales ក៏បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ COPE ដោយបានចាត់ទុកថា ការថើបមាត់នោះ វាប្រៀបដូចជាការថើបរវាងមិត្តភ័ក្រ្ត ដែលបង្ហាញជាការអបអររឿងអ្វីមួយ ក៏ប៉ុន្តែអ្នករាល់គ្នាគិតន័យផ្សេង និងចាត់ទុកថា «ជាមនុស្សឆ្កួតលីលាទៅវិញ»៕
ក្រោយផ្ទុះការរិះគន់រឿងថើបមាត់កីឡាការិនី Hermoso ខណៈនេះលោកប្រធាន Rubiales ចេញមុខសុំទោសជាសាធារណៈ