ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យដោយដណ្ដើមបានមេដាយមាសនៅប្រទេសកាណាដា ក្រោយវាយផ្ដាច់យកឈ្នះលើក្រុមខ្លាំងប្រេស៊ីល CBMDF ក្នុងលទ្ធផល ៣ សិតទល់ ០។
មេដាយមាសដែលក្រុមបាល់ទះក្រសួងមហាផ្ទៃដណ្ដើមបានពេលនេះ គឺនៅក្នុងព្រឹត្តិការណ៍ World Plice & Fire Games 2023 នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៣។ ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្តើមបានជ័យជម្នះ៦ប្រកួតជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ World Plice & Fire Games 2023 ដែលប្រព្រឹត្តទៅនៅប្រទេសកាណាដា។
ចំណុចគួរកត់សម្គាល់ មុនទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានជួបជាក្រុមរបស់ប្រទេសប្រេស៊ីលដល់ទៅ២ក្រុម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានជួបជាមួយក្រុមប្រេស៊ី។
ជាលទ្ធផល ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានយកឈ្នះក្រុមប្រេស៊ីល ២ សិតទល់ ០។ លុះមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះរបស់កម្ពុជាបានយកឈ្នះក្រុមប្រេស៊ីលមួយក្រុមទេ គឺក្រុម CBMDF ហើយក្រុមកម្ពុជាបានយកឈ្នះក្នុងលទ្ធផលឈ្នះដាច់ ៣ សិតទល់ ០ ទទួលបានមេដាយមាស។
ក្រៅពីក្រុមបាល់ទះក្រសួងមហាផ្ទៃ ក៏មានអត្តពលិកបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡានគរបាលនេះ ក្នុងនោះមានដូចជា អត្តពលិកវាយកូនឃ្លីលើតុ អត្តពលិកហែលទឹក ជាដើមដែលទទួលបានមេដាយមាស ប្រាក់ ក្នុងវិញ្ញាសាររៀងៗខ្លួន។
អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូផ្ទាល់ដោយ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រភេទកីឡាចំនួន១៣ ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Firee Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា។ ក្នុងនោះ ប្រភេទកីឡាវាយ កូនឃ្លីលើតុ មានកីឡាករចំនួន០៤រូប និងគ្រូបង្វឹកម្នាក់៕
ប្រភព៖ sabaynew