ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងលើគ្រួសារតារាកំប្លែងពាក់មីនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះ ដោយភរិយារបស់លោកត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីបន្ដោកសេរ៉ូមសាច់ស្អាតនៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty។
បើតាមនាយពាក់មី ភរិយារបស់លោកបានទៅដាក់សេរ៉ូមសាច់ស្អាតនៅមជ្ឃមណ្ឌលនេះកាលពីថ្ងៃពុធ ទី២ ខែសីហា ហើយថ្ងៃនេះស្រាប់តែមិនស្រួលខ្លាំងត្រូវសង្គ្រោះបន្ទាន់។ ទន្ទឹមគ្នានេះលោកក៏សួររកម្ចាស់មជ្ឃមណ្ឌល ថាតើជាអ្នកណា ហើយមានការទទួលខុសត្រូវយ៉ាចម៉េចចំពោះករណីនេះ។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី៤ ខែសីហា Sabay បានព្យាយាមទាក់ទងនាយពាក់មីទាំងតាមបណ្ដាញសង្គមតេឡេក្រាម និងទូរស័ព្ទជាច្រើនលើកដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្ដែមិនទាន់ត្រូវបានលោកឆ្លើយតបនៅឡើយ។
ទាក់ទងបញ្ហានេះដែរ មានបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ផ្សាយថា គ្លីនិកកែសម្ផស្សយីហោ S88 Beauty នៅសាខាផ្សារធំថ្មី រាជធានីភ្នំពេញ បានបិទទ្វារហើយ ក្រោយពីរកឃើញថាពុំមានអាជ្ញាប័ណ្ណ និងបន្ដោកសេរ៉ូមសាច់ស្អាតបណ្ដាលឲ្យភរិយាតារាកំប្លែងនាយពាក់មីមានគ្រោះថ្នាក់៕