ដក​ឃ្លា​រឿង Kylian Mbappe រឿង Lionel Messi ឥឡូវ​ក្នុង​ក្លឹប Paris Saint-Germain គេ​ហាក់​ចាប់​អារម្មណ៍​ខ្លាំង លើ​ការ​វិល​ត្រលប់​មក​វិញ​របស់​តារា​ឆ្នើម Neymar Jr និង​ចំណូល​ថ្មី​ប៉ុន្មាន​រូប តួ​យ៉ាង​ដូច Marco Asensio និង​កីឡាករ​អាស៊ី​របស់​យើង គឺ Lee Kang-in។

នៅ​យប់មិញ​ក្នុង​ប្រកួត​មិត្តភាព​ទល់​ក្លឹប Joenbuk FC ​ក្នុង​ទឹកដី​ប្រទេស​កូរ៉េ​ខាង​ត្បូង Neymar បាន​ឈរ​ជើង​ពេញ ៩០ នាទី ​រាប់​ជា​ចំណែក​ធំ​ជួយ​ក្លឹប​ឈ្នះ​ការ​ប្រកួត រួច​ទៅ​មើល​ស្លាប​ប្រយុទ្ធ​ទាំង​ពីរ ដូច Kang-in និង Asensio ក៏​បាន​បង្ហាញ​វត្តមាន និង​បង្កើត​ផ្លែផ្កា​បន្តិចបន្តួច​ដូច​គ្នា។

យើង​និយាយ​អំពី Neymar ជា​បុរស​ជាប់​រហស្សនាម​ថ្មី “អ្នក​ឧកញ៉ា​អណ្តាត​ពិឃាដ” ​បន្ទាប់​តែ​ត្រលប់​ពី​សម្រាក​ព្យាបាល​របួស​តាំង​ខែ​កុម្ភៈ ចូល​ ១៦៥ ​ថ្ងៃ ចំពោះ​ប្រកួត​ដំបូង​សារ​នេះ គេ​អាច​រក​បាន ២ គ្រាប់​និង Assist ១ បូក​ថែម​ឲ្យ​គ្រាប់​បាល់​ចំណូល​ថ្មី Asensio ធ្វើ​បាន​នៅ​ចុង​តង់។

យ៉ាង​ណា​ចាប់​អារម្មណ៍​សកម្មភាព​របស់​គេ រវាង​កីឡាករ​កូរ៉េ​ខាង​ត្បូង​វ័យ ២២ ឆ្នាំ គឺ​ហាក់​ជិតដិត​គ្នា​នឹង​គ្នា​ខ្លាំង បើ​ទោះ​បី​អតីត​សមាជិក​ក្លឹប Mallorca ទើប​ផ្ទេរ​មក​ចូលរួម​នៅ PSG មិន​ទាន់​បាន​មួយ​ខែ​ស្រួលបួល​ផង។ ឃើញ​ទាំង​កំឡុង​ពេល​ហ្វឹកហាត់ ទាំង​ការ​រាក់ទាក់​ពេល​មក​ដល់​ថ្មីថ្មោង ឥឡូវ​ចូល​ក្នុង​ម៉ោង​ប្រកួត​ថែម​ទៀត គឺ Neymar លេង​សើច​ជាមួយ​សិស្ស​ប្អូន​អាស៊ី សប្បាយ​អស់​សំណើច​ទៅ​មក ពោល​មិនចេះប្រកាន់គ្នា​ឡើយ។

ដូច​សារ​ថយ​ក្រោយ​មុន​ប្រកួត​យប់មិញ​ដែល​ពួក​គេ​រួម​ទីលាន​នឹង​គ្នា គឺ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ប៉ះ Inter Milan ប្រទះ​សកម្មភាព​បុរស​វ័យ ៣១ ឆ្នាំ ចាប់​បោច​សក់​កីឡាករ​វ័យ​ ២២ ឆ្នាំ មក​កួច​ឡើង​លើ ហើយ​ប៉ុន្មាន​វិនាទី​ក្រោយ ក៏​កើត​ភាព​អស់​សំណើច​រៀង​ខ្លួន។

ទៅ​ពេល​មួយ​ទៀត​នោះ Neymar បាន​យក​ដៃ​ទៅ​ទះ​ភ្លៅ ដល់ Kang-in ភ្ញាក់ព្រឺត ដើម្បី​តែ​ឲ្យ​ងាក​មុខ​មក​លើក​ដៃ​ថត​រូប​ជុំ​គ្នា ទុក​ផុស Stories។ វា​មាន​ម្តងម្កាល​ក៏​កីឡាករ​កូរ៉េ​ខាង​ត្បូង​ទៅ​លេង​ទៅ​យ៉ស់​ដាក់ Neymar មុន​ដែរ ជា​រួម​អ្នក​ទាំង​ពីរ​ហាក់​ត្រូវ​ដៃ​ត្រូវ​ជើង​គ្នា​ល្អ​ណាស់ ធ្វើ​ឲ្យ​យើង​មើល​កាន់​តែ​យូរ កាន់​តែ​នឹក​ដល់​ទំនាក់ទំនង​គ្រា Marcelo និង Cristiano Ronaldo នៅ Real Madrid ក៏​ពួក​គេ​ស្និទ្ធ នឹង​លេង​ជាមួយ​គ្នា​យ៉ាង​ដូច្នោះ​ដែរ។

បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មុន​មក​រួម​ក្លឹប​នៅ​ក្នុង​ទីក្រុង​ប៉ារីស កន្លង​មក Neymar និង Kang-in ធ្លាប់​បាន​ប៉ះ​គ្នា​ជា​គូ​ប្រជែង​លើ​ទីលាន​នៅ World Cup ក្នុង​ប្រទេស​កាតា វគ្គ ១៦ ក្រុម។ បន្ទាប់​ពី​ប្រេស៊ីល​យក​ឈ្នះ ៤-១ ក៏​ក្រោយ​ចប់​ការ​ប្រកួត ពួក​គេ​បាន​ដោះដូរ​អាវ​គ្នា​ម្តង​ហើយ​ដែរ ដល់​តែ​មក​សារ​នេះ ចាប់​លែង​ជាប់ ប្រលែង​គ្នា​ម្តងៗ​ដូច​ជ្រូក​ពុល​អ៊ីចឹង។

ចុងក្រោយ​ឆ្លើយតប​ទៅ​សំណួរ​បងប្អូន ថា​ឃើញ​ពួក​គេ​ជិតដិត​គ្នា​ឆាប់​រហ័ស​បែប​ហ្នឹង ចុះ​ការ​ប្រើប្រាស់​ភាសា​ប្រាស្រ័យ​ទាក់ទង ​តើ​និយាយ​ភាសា​អី​ដែរ ដ្បិត​មួយ​ជា​ជនជាតិ​ប្រេស៊ីល មួយ​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង ខុស​ទ្វីប​គ្នា​ដាច់​ដោយឡែក​នោះ? ចម្លើយ​គឺ ពួក​គេ​ប្រើប្រាស់​ភាសា​អេស្ប៉ាញ អាច​និយាយ​ទៅ​មក​យ៉ាង​ស្ទាត់​ជំនាញ​ដូច​គ្នា ក៏​ដោយសារ​តែ Neymar រអិល​មាត់​ជាមួយ​ភាសា​អេស្ប៉ាញ បន្ទាប់​ឈរ​ជើង​ឲ្យ Barcelona ៤ ឆ្នាំ ខណៈ Kang-in ដ្បិត​ជា​កីឡាករ​អាស៊ី តែ​គេ​ទៅ​អភិវឌ្ឍ​ខ្លួន​នៅ Valencia ផង និង Mallorca ផង រយៈ​ពេល​ជាង ៦ ឆ្នាំ​មក​ហើយ បែប​នេះ​ការ​ប្រើ​ភាសា​ខាង​លើ មិន​ជា​រឿង​ពិបាក​ដល់​គេ​ឡើយ៕