ក្លឹបយក្សបារាំង Paris Saint Germain បានចុះហត្ថលេខាផ្លូវការលើខ្សែប្រយុទ្ធស្លាបបារាំងឆ្នើមវ័យ ២០ឆ្នាំ Bradley Barcola ដែលផ្ទេរពីក្លឹប Olympique Lyonnais ក្នុងតម្លៃ ៤៥លានអឺរ៉ូ ឬស្មើនឹង ៥៧លានដុល្លារ លើកិច្ចសន្យារយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៨ ហើយគាត់នឹងពាក់ លេខ២៩ ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍។ Barcola នឹងជំនួសតំណែងកំពូលតារាប្រេស៊ីល Neymar Jr បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់(Neymar)ទៅក្លឹប Al-Hilal នៅប្រទេសអារ៉ាប៊ីសាអូឌីតនៅដើមខែកន្លងទៅ។ Barcola ស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរកគ្រាប់បាល់បាន ១០គ្រាប់បន្ថែមទៀតសម្រាប់ Lyon ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន។

ដោយបានបាត់បង់កីឡាករល្បីៗជាច្រើនក្នុងរដូវក្តៅនេះ ស្ថិតក្រោមការដឹកនាំគ្រប់គ្រងទាំងស្រុងពីសំណាក់គ្រូបង្វឹកលោក Luis Enrique របស់ក្រុម PSG ដែលកីឡាករ Marco Verrati, Georginio Wijnaldum និង Hugo Ekitike ក៏មើលទៅហាក់ដូចជាចង់ស្វែងរកក្លឹបថ្មីនៅមុនថ្ងៃផុតកំណត់នៃការផ្ទេរនាពេលខាងមុខ។ ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធរូបនេះជាគោលដៅក្លឹបសម្រាប់ពង្រឹងក្រុមបន្ថែម ខណៈអនាគត Mbappe នៅ PSG ក៏មិនទាន់អាចធានាបាន១០០%នៅឡើយទេដែលនឹងបន្តស្នាក់នៅ៕