ខ្សែបម្រើអង់គ្លេស Jude Bellingham បានបដិសេធមិនចុះហត្ថលេខាជាមួយបិសាចក្រហម Manchester United កាលពីបីឆ្នាំមុន ទោះបីជាលោក Sir Alex Ferguson បានបញ្ចុះបញ្ចូលក៏ដោយ ខណៈ Bellingham ជឿថាក្លឹប Dortmund គឺជាក្រុមល្អបំផុតនៅអឺរ៉ុប សម្រាប់ពង្រឹងអភិវឌ្ឍនូវទេពកោសល្យរបស់កីឡាករក្មេងៗ។
Bellingham បានបន្ថែមថា៖ «Man Utd ជាក្លឹបដ៏អស្ចារ្យ ហើយការសម្រេចចិត្តរបស់ខ្ញុំមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួលនោះទេ។ ខ្ញុំមានការផ្តោតអារម្មណ៍ និងរីករាយយ៉ាងខ្លាំង ដែល Dortmund ចង់បានខ្ញុំទៅរួមក្រុម ហើយបានក្លាយជាជម្រើសដំបូងរបស់ខ្ញុំ (ក្នុង២០២០)។ ខ្ញុំក៏បានសម្រេចចិត្តផ្ទេរទៅ Dortmund ជាអ្វីដែលខ្ញុំស្រលាញ់ពេញចិត្ត»។
រលឹកផងថាកាលពីថ្ងៃអង្គារ កីឡាករវ័យ ២០ឆ្នាំ គឺជាតារាឆ្នើមនៃប្រកួត ខណៈដែលក្រុមអង់គ្លេសបានផ្តួលស្កុតឡេនក្នុងលទ្ធផល ៣:១ ក្នុងការប្រកួតមិត្តភាពដើម្បីអបអរសាទរខួបលើកទី ១៥០ នៃការជួបគ្នាលើកដំបូងរវាងភាគីទាំងពីរ ដោយខ្សែបម្រើរូបនេះស៊ុតបាន១គ្រាប់នៅនាទីទី៣៥ ខណៈបច្ចុប្បន្ន Bellingham ជាកីឡាកររបស់ក្រុមអធិរាជស Real Madrid៕
ប្រភព៖ Cambosports