ជំនួប​នៅ Saudi Pro League ​កាល​ពី​ទៀបភ្លឺ​ថ្ងៃ​សោរ៍​កន្លង​ទៅ រវាង​ម្ចាស់​ផ្ទះ​ក្លឹប Al-Nassr ទល់​ក្លឹប​ភ្ញៀវ Al-Ahli បាន​បណ្តុំ​ទៅ​ដោយ​ Super star មក​ពី​អឺរ៉ុប​ជា​ច្រើន តួ​យ៉ាង​ដូច​ជា Cristiano Ronaldo, Sadio Mane, Marcelo Brozovic, Riyad Mahrez, Roberto Firmino និង Edouard Mendy ជា​ដើម។ យ៉ាង​ណា​លទ្ធផល​បញ្ចប់ ៩០ នាទី ខាង​ Al Nassr បាន​យក​ឈ្នះ ៤-៣ ទៅ​លើ Al-Ahli តែ​ក៏​កើត​មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ផង​ដែរ។

ជាក់ស្តែង​ទាំង​គ្រាប់​បាល់​របស់ Ronaldo ទាំង​គ្រាប់​របស់ Talisca សុទ្ធ​សឹង​តែ​មាន​រឿង​ត្រូវ​លើក​មក​ជជែក ហើយ​ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​នឹង Mane ដែល​មួយ​រយៈ​ពេល​ចុង​ក្រោយ ឃើញ​រំលេច​ស្នាម​ញញឹម ភាព​សប្បាយ​រីករាយ​ច្រើន ដល់​តែ​យប់​ទល់ Al-Ahli សប្បាយ​ជ្រុល ប៊ិះ​តែ​នឹង​កើត​រឿង​ទៅ​វិញ។

យើង​ទៅ​មើល​មួយ​ក្នុង​ចំណោម​ ២ គ្រាប់ ដែល​កីឡាករ​ព័រទុយហ្គាល់ រក​បាន ភ្ញាក់ផ្អើល​ខ្លាំង​ត្រង់​គ្រាប់​បាល់​ដំបូង​នៅ​នាទី​ទី ៤ ដែល​ទទួល​បាន​ការ​បញ្ជូន Assist ចេញ​ពី​ជើង​ដៃ​គូ​ដៃ​កង់ Sadio Mane ហើយ​លោក​អូស​បាល់​នោះ​ចូល​ប្រអប់ ស៊ុត​ប្រើ​ជើង​ឆ្វេង មិនមែន​ជា​ជើង​ជំនាញ ចូល​ទី​មិន​គួរ​ឲ្យ​ជឿ ក៏​ដោយសារ​ពេល​នោះ តំបន់​ប្រអប់​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​ផ្សែង ជា​រួម​មើល​មិន​ឃើញ​ទាំង​សម្រាប់​អ្នកចាំទី ដូច​គ្នា​ទាំង​អ្នក​ស៊ុត តែ​បើ​កីឡាករ​មិះ​មិន​ត្រូវ​ក៏​តម្រង់​បាល់​នោះ​មិន​ឲ្យ​ចូល​ទី​កើត​ដែរ។

បន្ទាប់​ចប់​ការ​ប្រកួត ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​វ័យ ៣៨ ឆ្នាំ ក៏​បាន​ឆ្លើយតប​ទៅ​នឹង​មតិ​រិះគន់​ពី​អ្នក​គាំទ្រ​មួយ​ចំនួន យ៉ាង​ដូច្នោះ​ថា៖ “ពួក​គេ​លើក​ឡើង Ronaldo ចូល​មក​ដល់​ទី​បញ្ចប់​ហើយ ទាំង​អស់​នេះ​វា​មិន​មែន​ជា​ការ​ពិត​ទេ សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​បន្ត​លេង​រហូត​ដល់​ជើង​ទាំង​សង​ខាង​និយាយ​ប្រាប់​ខ្ញុំ ថា​ពួក​គេ​ទៅ​លែង​រួច មក​ទល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ចង់​ឈ្នះ មាន​ចិត្ត​ក្នុង​ការ​បន្ត​ស្វែងរក​គ្រាប់​បាល់​ជា​ច្រើន”។

ដោយឡែក​រឿង​ដែល​មិន​ច្បាស់​ថា​គួរ​សើច ឬ​យំ​សម្រាប់ Sadio Mane គឺ​ត្រង់​គ្រាប់​បាល់​ទី​ពីរ​របស់​ Talisca សម្រេច​នៅ​នាទី​ ៤៥+៦ មុន​បញ្ចប់​តង់​ទី​មួយ គេ​បាន​បញ្ចេញ​កាយវិការ​ដែល​នាំ​ឲ្យ​ខាង​សមាជិក​ក្លឹប Al-Ahli ជា​ពិសេស​អ្នក​អង្គុយ​បម្រុង​ខាង​ក្រៅ​ទីលាន មាន​អារម្មណ៍​ឡាំប៉ា​ជា​ខ្លាំង ពោល​បន្ទាប់​តែ Mane រត់​ទៅ​អបអរ តាម​រយៈ​ការ​លោត​អោប​ក Roberto Firmino ជា​សមាជិក​ខាង​ក្លឹប​ភ្ញៀវ។
យើង​មិន​ច្បាស់​ថា Mane គិត​ឃើញ​បែប​ណា​ទេ អាច​ថា​អារម្មណ៍​មួយ​គេ​គិត Firmino ធ្លាប់​ជា​អតីត​មិត្ត​ចាស់​កាន់​ឆ្នាំ តែ​បើ​មើល​ភាព​ចាញ់​ឈ្នះ​លើ​ទីលាន ទង្វើ​នោះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ​រាប់​ជា​គូ​ប្រជែង​នឹង​គ្នា។ ភ្លាមៗ​គេ​ឃើញ​កីឡាករ​ប្រេស៊ីល ដែល​មិន​ចាប់​អារម្មណ៍​ថា​ជា​នរណា​លោត​មក​តោង​ក​ខ្លួន ងាក​មក​ក្រោយ​ដល់​តែ​ឃើញ​ជា​សមាជិក​ខាង Al Nassr គេ​ក៏​បាន​គ្រវាស​ដៃ ដក​ខ្លួន​ដើរ​ចេញ​ពី Mane ភ្លែត។