រដូវកាល ២០២៣/២៤ ដែលកំពុងដំណើរការយ៉ាងមមាញឹក សឹងរាល់អាទិត្យតែងរំលេចឈ្មោះកីឡាករអាស៊ី ជាពិសេសគឺប៉ែកខាងកូរ៉េខាងត្បូង និងជប៉ុនផ្ទាល់តែម្តង។
Takefusa Kubo
ស៊ុតហើយស៊ុតទៀត គ្រាប់បាល់កើតញឹកសឹងគ្រប់ការប្រកួត នេះរាប់បញ្ចូលទាំងចំណែកនៃជ័យជម្នះជូន Real Sociedad ទៅលើ Athletic Club ៣-០ កាលពីម្សិលមិញ។ អតីតកីឡាករ Real Madrid បោះបង់ មកផ្ចិតមកផ្ចង់ក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃ រះឡើងនៅដីថ្មី ក្នុងទីក្រុង San Sebastian ប្រទេសអេស្ប៉ាញ។
ក្រៅតែពីចូលរួមជួយ Sociedad ឈរលេខ ៥ នៅ La Liga ទៀតសោតនោះក៏ Kubo កំពុងបង្កើនហាងឆេងតម្លៃខ្លួនផងដែរ បន្ទាប់បង្កើតសមិទ្ធផលគ្រាប់បាល់ កៀកតំណែង Top Scorer ប្រចាំលីគកំពូល។
យុវជនលេងតំណែងស្លាប វ័យ ២២ ឆ្នាំ សព្វថ្ងៃមាន ៥ គ្រាប់ក្នុងដៃ ស្មើនឹងតួលេខ Robert Lewandowski នេះនៅចាញ់ Jude Bellingham តែម្នាក់គត់ ដែលមាន ៦ គ្រាប់ កំពុងឈរជើងឲ្យអធិរាជស។ បន្តទៅរឿងហួសចិត្ត គឺ Kubo ចេះ Mix ស្ទាយអបអរថ្មី ដែលនៅពេលគេរកបានគ្រាប់បាល់ ក៏រត់ទៅជ្រុងម្ខាង ធ្វើពុតដូចជាឈឺចាប់របួសផ្នែកភ្លៅ ដល់ហើយបែរជាទម្លាក់គូទរាំក្បាច់ Twerk ផ្ទុះការស្រែកហ៊ោពេញកីឡដ្ឋាន។