ក្លឹប Real Madrid បានប្រកាសថា ពួកគេនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអតីតស្នងការប៉ូលីស Jose Manuel Villarejo ដែលបានចោទប្រកាន់ក្លឹបថាបានសូកប៉ាន់អាជ្ញាកណ្តាលនាពេលកន្លងមក។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្លឹបបាននិយាយថា ពួកគេបានណែនាំឲ្យមេធាវីរបស់ពួកគេឱ្យដាក់ពាក្យប្តឹង Villarejo ចំពោះការចោទប្រកាន់មិនពិត និងបង្កាច់បង្ខូច ដែលគាត់បានធ្វើឡេីងនៅលើស្ថានីយ៍វិទ្យុកាតាឡាន RAC1 កាលពីថ្ងៃចន្ទ ជាកន្លែងដែលគាត់បាននិយាយថា Real Madrid បានសូកប៉ាន់អាជ្ញាកណ្តាលមុន Barcelona ទៅទៀត។

Villarejo ដែលបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនចាប់តាំងពីឆ្នាំ ២០១៤ បានអះអាងថាគាត់មានភស្តុតាងដែលថា Real Madrid បង់ប្រាក់ឲ្យអាជ្ញាកណ្តាលដើម្បីជួយពួកគេនៅក្នុងការប្រកួតដ៏សំខាន់ជាពិសេសជាមួយនឹងក្រុម Barcelona។សេចក្តីថ្លែងការណ៍របស់ Real Madrid ដែលត្រូវបានបង្ហោះជាផ្លូវការនៅលើគេហទំព័ររបស់ពួកគេបានសរសេរថា៖

“ប្រធានក្លឹប Real Madrid CF លោក Florentino Pérez បានបញ្ជាឱ្យដាក់ពាក្យបណ្តឹងភ្លាមៗប្រឆាំងនឹងអតីតស្នងការ Villarejo ចំពោះការចោទប្រកាន់មិនពិត [សូកប៉ាន់អាជ្ញាកណ្តាល] ដែលបានធ្វើឡើងនៅលើស្ថានីយ៍វិទ្យុកាតាឡាន RAC1″៕