ក្លឹប Sevilla បានបណ្តេញគ្រូបង្វឹកលោក Jose Luis Mendilibar ចេញពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមលេងឈ្នះបានតែពីរលើកប៉ុណ្ណោះ ពីការប្រកួតបើកឆាកចំនួន ៨ប្រកួត នៃរដូវកាល La Liga ២០២៣/២៤។ អ្នកចាត់ការវ័យ ៦២ឆ្នាំរូបនេះ បានជួយដឹកនាំ Sevilla ចេញពីការកាត់ចោលពីលីគ នៅពេលដែលគាត់ត្រូវបានតែងតាំងនៅក្នុងខែមីនា។ បន្ថែមពីនេះ គាត់ក៏បានដឹកនាំ Sevilla ឱ្យឈ្នះពានរង្វាន់ Europa League ជាលើកទី៧ ហើយទទួលបានសិទ្ធិក្នុងការទៅលេងនៅ UEFA Champions League រដូវកាលនេះផងដែរ។ Sevilla នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពូលតារាង Real Madrid នៅថ្ងៃទី២១ ខែតុលា មុនពេលជួបក្រុម Arsenal ក្នុងក្របខ័ណ្ឌ Champions League ។
គួររំលឹកដែរថា លោក Mendilibar បានជួយ Sevilla យកឈ្នះ Manchester United និង Juventus ក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន ដែលក្រុមរបស់គាត់បានឈ្នះដោយការស៊ុតបាល់ប៉េណាល់ទីទល់នឹងក្រុម Roma របស់លោក Jose Mourinho ដើម្បីពង្រីកចំនួនកំណត់ត្រាផ្ទាល់ខ្លួន៕