ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសពីជំហានទី២ របស់ខ្លួន ដើម្បីចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០៣៤ ដាច់ដោយឡែកតែម្នាក់ឯង។
ប្រទេសដែលស្ថិតនៅទ្វីបអាស៊ីមួយនេះ បានដាក់លិខិតបង្ហាញពីបំណង ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នៅថ្ងៃចន្ទរួចរាល់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
ប្រធានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) លោក Yasser Al Misehal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «កាលពីសប្តាហ៍មុន យើងបានប្រកាសពីមហិច្ឆតារបស់យើង ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup នៅឆ្នាំ២០៣៤ ហើយការដាក់លិខិតផ្លូវការនេះ ជាការបន្តដំណើររបស់យើង ដើម្បីធ្វើឲ្យក្តីសុបិន្តរបស់យើង ក្លាយជាការពិតផងដែរ»។
លោកបន្ថែមថា «យើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ហាញការប្រកួតប្រជែងឲ្យបានខ្លាំង តាមដែលអាចធ្វើទៅបាន ដែលនឹងជួយឲ្យពិភពលោករួបរួមគ្នា តាមរយៈកីឡាបាល់ទាត់នេះ»។
សូមជម្រាបថា កាលពីសប្តាហ៍មុន FIFA បានប្រកាសថា ប្រទេសម៉ារ៉ុក, អេស្ប៉ាញ និងព័រទុយហ្គាល់ នឹងធ្វើម្ចាស់ផ្ទះWorld Cup នៅឆ្នាំ២០៣០ ជាមួយប្រទេស ៣ផ្សេងទៀតនៅតំបន់អាមេរិកឡាទីនមានដូចជា អ៊ុយរ៉ាហ្គាយ, អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ក្នុងការធ្វើម្ចាស់ផ្ទះសម្រាប់ប្រកួតបើកឆាក ដើម្បីអបអរសាទរខួប ១០០ឆ្នាំនៃព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះដែរ៕