ខ្សែបម្រើប្រយុទ្ធជនជាតិបែលហ្សិកកីឡាករ Eden Hazard បានប្រកាសនៅក្នុងថ្ងៃអង្គារនេះថា ខ្លួនចូលនិវត្តន៍ពីពិភពបាល់ទាត់ហើយ។ នេះបើតាមការបង្ហោះរបស់ Hazard នៅបណ្ដាញអ៊ីនស្តាក្រាម។
កីឡាកររូបនេះបង្ហោះជាភាសាបារាំង និងភាសាអង់គ្លេសថា៖ «អ្នកត្រូវតែស្ដាប់ខ្លួនឯង និងនិយាយថាឈប់នៅពេលសមស្របណាមួយ»។
Hazard បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ឈុតធំនៅឆ្នាំ២០០៧ ដោយចាប់ផ្ដើមជាមួយក្លឹបបារាំង Lille ហើយបន្តមកទៀតនៅ Chelsea ហើយចុងក្រោយនៅ Real Madrid។ Hazard លេងឱ្យជម្រើសជាតិបែលហ្សិកតាំងពីឈុតក្រោម ១៥ឆ្នាំតាំងពីឆ្នាំ២០០៦ រហូតចូលឈុតធំ ហើយបញ្ចប់អាជីពកីឡាករជម្រើសជាតិនៅឆ្នាំ២០២២។
ក្នុងសាររបស់ខ្លួននៅអ៊ីស្តាក្រាម Hazard បានអរគុណក្លឹប Lille ក្លឹប Chelsea និង Real Madrid ព្រមទាំងស្ថាប័នបាល់ទាត់បែលហ្សិក ហើយជាពិសេសទៅទៀតគឺ អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក ដែលជួយគាំទ្រដល់អាជីពជាកីឡាកររបស់ខ្លួន។
ក្នុងរយៈពេលប្រមាណ ១៥ឆ្នាំនៃអាជីពបាល់ទាត់ Hazard លេងបាន ៧៦១ប្រកួត និងរកបាន ២០១គ្រាប់៕