អ្នកប្រដាល់ល្អកែង និងកំពុងពេញកាច ធឿន ធារ៉ា នឹងដឹកដៃសិស្សប្អូន ធន់ ផានិត ទទួលភ្ញៀវមកពីប្រទេសអ៊ីរ៉ង់លើសង្វៀនគូបូតាបាយ័ន ចាប់ពីម៉ោង ៧យប់តទៅ។
ធារ៉ា និងលោក អេ ភូថង
ធឿន ធារ៉ា នឹងប្រកួតលើប្រភេទទម្ងន់ ៧៣គីឡូក្រាមជាមួយជើងខ្លាំងមកពីអ៊ីរ៉ង់ ឈ្មោះ អាប៊ូហ្វាហ្ស៊ីល ហ្គដាហ្ស៊ី ក្នុងតំណែងជាគូឯក។ ចំណែកកីឡាករ ធន់ ផានិត នឹងត្រូវប្រកួតជាមួយកីឡាករ នីម៉ា ហ្សាឆាមី លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។
មួយរយៈពេលនេះជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា ធារ៉ា គឺខកខានឡើងសង្វៀនបាយ័នយូរដែរហើយ ដោយសារតែរវល់ជាមួយកម្មវិធីធំៗតាមបណ្ដាសង្វៀនក្នុងស្រុក។ កេរ្តិ៍ឈ្មោះ និងការទទួលបានជ័យជម្នះជាបន្តបន្ទាប់ធ្វើឲ្យកូនសិស្សលោក អេ ភូថង រូបនេះរវល់ច្រើន ព្រោះសង្វៀនណាក៏ចង់បានរូបគេឡើងប្រកួតដែរ។
រង់ចាំមើលទាំងអស់គ្នាថាយប់ម៉ោង៧ នេះកីឡាករកម្ពុជាទាំង២រូបនឹងធ្វើបានល្អដល់កម្រិតណា ឬអាចយកជ័យជម្នះដោយផ្ដួលដៃគូដូចគ្នា។ ក្រៅតែពីគូអន្តរជាតិខាងលើនេះក៏មានគូមិត្តភាពជាតិនិងជាតិ ៣គូទៀតផងដែរ៕