លោក Fabrizio Romano បង្ហើបអំពីអនាគតរបស់កីឡាករ Harry Maguire ខណៈដែលអនាគតរបស់គាត់នៅ Manchester United ស្ថិតក្នុងភាពមិនច្បាស់លាស់។ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថា Man Utd បានសម្រេចចិត្តដាក់លក់រូបគេ ក្រោយស្លាកប្រធានត្រូវដកដោយលោក Erik ten Hag ។ ក្លឹប West Ham United ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើតម្លៃខ្លួនជាមួយ Man Utd ប៉ុន្តែការផ្លាស់ប្តូរមិនបានកើតឡើងទេ ហើយ Maguire ស្នាក់នៅ Old Trafford បន្ត។

ថ្មីៗនេះ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះធ្វើបានល្អឡើយវិញ បន្ទាប់ពីជាប់ឈ្មោះជាកីឡាករឆ្នើមក្នុងការប្រកួតជាមួយក្រុម Sheffield United មុនពេលស៊ុតបញ្ចូលទីបានជ័យជម្នះយ៉ាងត្រចះត្រចង់ជាមួយក្រុម FC Copenhagen ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារ។ ឥឡូវនេះ អ្នកឯកទេសផ្ទេរកីឡាករ Romano បានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់ Maguire ។ គាត់បាននិយាយនៅលើបណ្តាញ YouTube របស់គាត់ថា «អារម្មណ៍ជុំវិញ Harry Maguire ឥឡូវនេះគឺខុសគ្នា។ គាត់កំពុងតស៊ូដើម្បីតំណែងរបស់គាត់ ហើយ គាត់ចង់ធ្វើឱ្យអស់ពីសមត្ថភាពរបស់គាត់សម្រាប់ Manchester United ។ គាត់ចង់ទៅ Euro ដូច្នេះសម្រាប់ Maguire វាពិតជាសំខាន់ក្នុងការបង្ហាញខ្លួន។ ប្រសិនបើគាត់នឹងបន្តលេងដូចដែលគាត់កំពុងធ្វើនៅពេលនេះ វាមានឱកាសសម្រាប់ Maguire ដើម្បីបន្តនៅ Manchester United យ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។»