កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ថា ខ្សែ​ប្រយុទ្ធ Erling Haaland អាច​នឹង​ចេញ​ពី​ Manchester City ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Real Madrid នា​ពេល​អនាគត។ ប្រភព​ខ្លះ​ហ៊ាន​អះអាង​ថា​អាច​នឹង​រដូវ​កាល​ក្រោយ​តែ​ម្ដង។ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​បែប​នេះ ភ្នាក់​ងារ​របស់ Haaland បាន​ចេញ​មក​បកស្រាយ។

Rafaela Primenta ភ្នាក់​ងារ​របស់​ខ្សែ​ប្រយុទ្ធ Haaland បាន​និយាយ​ថា Haaland ជា​ម្ចាស់​នៃ​ជោគវាសនា​របស់​គេ ហើយ​គេ​តែង​តែ​ធ្វើ​អ្វី ដែល​ល្អ​សម្រាប់​ខ្លួន​គេ និង Man City។ បើ​សិន​ជា​ថ្ងៃ​អនាគត​ទៅ​ ការ​ផ្លាស់ប្ដូរ​នឹង​កើត​ឡើង Haaland នឹង​នៅ​តែ​បន្ត​គោរព Man City ហើយ​ Haaland សង្ឃឹម​ថា Man City នឹង​គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​រូប​គេ​ផង​ដែរ។

Haaland មាន​កុងត្រា​ជាមួយ Man City រហូត​ដល់​ឆ្នាំ ២០២៧។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​វ័យ ២៣ ឆ្នាំ​ បាន​មក​ចូល​រួម​ជាមួយ​ Man City កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២២។ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៧១ ប្រកួត និង​ស៊ុត​ចូល​ ៦៩ គ្រាប់ ហើយ​បាន​បំបែក​កំណត់​ត្រា​ជា​ច្រើន​នៅ​អង់គ្លេស ព្រម​ទាំង​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ដល់​ទៅ ៤ កាល​ពី​រដូវ​កាល​មុន រួម​មាន Premier League ពាន Champions League ពាន Super Cup និង FA Cup៕