ខ្សែប្រយុទ្ធ Lionel Messi ចោទប្រកាន់ក្រុមមន្ត្រីប៉ូលិសប្រេស៊ីលពីបទប្រើអំពើហិង្សាដ៏ឃោរឃៅលើអ្នកគាំទ្រអាហ្សង់ទីន និងចាត់ទុកអំពើហិង្សានៅមុនការប្រកួតរវាងប្រេស៊ីលទល់នឹងអាហ្សង់ទីន ក្នុងការប្រកួតជម្រុះ World Cup 2026 តំបន់អាមេរិចខាងត្បូង CONMEBOL ជាសោកនាដកម្មមួយ នៅក្នុងកីឡដ្ឋាន Maracana ប្រទេសប្រេស៊ីល។

រឿងហេតុដំបូង កើតចេញពីបញ្ហារបស់អ្នកគាំទ្រប្រេស៊ីល និងអាហ្សង់ទីន ដោយអ្នកគាំទ្រក្រុមសងខាងបានចាប់ផ្តើមការវាយតប់គ្នានៅត្រង់កន្លែងឈរក្រោយសំណាញ់ទី អំឡុងពេលក្រុមទាំងពីរកំពុងគោរពភ្លេងជាតិរៀងៗខ្លួនមុនប្រកួត។ អំពើហិង្សា បានជំរុញឱ្យប៉ូលិសចូលទៅបញ្ឈប់ រហូតឈានដល់ហិង្សារវាងមន្ត្រីប៉ូលិសជាមួយនឹងក្រុមអ្នកគាំទ្រទៅវិញ។

មន្ត្រីប៉ូលិសប្រដាប់ដោយដំបងដៃ ចូលទៅបំបែក និងបង្រ្កាបអំពើហិង្សា ខណៈដែលអ្នកគាំទ្រអាហ្សង់ទីនមួយចំនួន បានដោះកៅអីអង្គុយគប់សំដៅទៅលើក្រុមប៉ូលិស ហើយភាគច្រើនអ្នកគាំទ្របានព្យាយាមភាសខ្លួនចេញពីកន្លែងកើតហេតុ និងអ្នកគាំទ្រខ្លះបានចូលក្នុងទីលានប្រកួត។

កីឡាករក្រុមទាំងសងខាងមានទាំង ប្រធានក្រុមអាហ្សង់ទីន Lionel Messi និង ប្រធានក្រុមប្រេស៊ីល Marquinhos ក៏បានទៅជួយអន្តរាគមន៍ និងសម្របសម្រួលអំឡុងពេលកើតហេតុ។ ក្រោយកីឡាករក្រុមទាំងសងខាងជួយសម្រួលរួច ក៏បានវិលត្រឡប់ទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។

យ៉ាងណា Messi បានចាត់ទុកអំពើហិង្សារវាងអ្នកគាំទ្រប្រេស៊ីល អាហ្សង់ទីន និងក្រុមមន្ត្រីប៉ូលិស ជារឿងដ៏គួរឱ្យសោកស្តាយ និងជាសោកនាដកម្មមួយក្នុងបាល់ទាត់។ Messi ក៏បានចោទប្រកាន់អំពីអាកប្បកិរិយាដ៏ឃោរឃៅរបស់មន្ត្រីប៉ូលិសថែមទៀត។

ទាក់ទិននឹងរឿងនេះ Messi បាននិយាយប្រាប់ថា៖ “វាពិតជាអាក្រក់ ព្រោះក្រុមប៉ូលិសបានវាយលើអ្នកគាំទ្រ។ ដូចដែលវាបានកើតឡើងរួចហើយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Libertadores ជាថ្មីម្តងទៀតត្រូវបានបង្រ្កាបមនុស្សដោយដំបង ហើយថែមទាំងលាយឡំជាមួយនឹងក្រុមគ្រួសាររបស់កីឡាករមួយចំនួនស្ថិតនៅទីនោះ។ យើងបានវិលត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ព្រោះវាជាវិធីដ៏ល្អដែលធ្វើឱ្យគ្រប់គ្នាស្ងប់ចិត្ត តែវាប្រៀបបានទៅនឹងសោកនាដកម្មមួយរួចទៅហើយ។”

ទោះជាមានបញ្ហាកើតឡើងក្តី ប៉ុន្តែការប្រកួតរវាងក្រុមទាំង២ក៏បានបញ្ចប់ដោយលទ្ធផល ១-០ ដែលក្រុមប្រេស៊ីល ចាញ់ការប្រកួតជាលើកទី៣ ជាប់គ្នាក្នុងវគ្គជម្រុះ World Cup 2026 ហើយអាហ្សង់ទីនឈ្នះការប្រកួតឡើងវិញ ក្រោយចាញ់ក្រុមអ៊ុយរុយហ្គាយ ២-០ កាលពីសប្តាហ៍មុន៕