យោងតាមសារព័ត៌មាន ​​Sky Germany អតីតខ្សែប្រយុទ្ធ Chelsea កីឡាករ Timo Werner បានក្លាយជាគោលដៅផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមបិសាចក្រហម Manchester United នាខែមករាខាងមុខ។ បើទោះបីជាគ្មានការផ្តល់ជូននូវសំណើ ឬការចរចារណាមួយធ្វើឡើងក្តី ប៉ុន្តែក្លឹបនៅ Old Trafford បានសាកសួរអំពីលទ្ធភាពនៃការផ្ទេរកីឡាករវ័យ ២៧ឆ្នាំរូបនេះ។ យ៉ាងណាមិញ Sky Germany បានអះអាងថា Werner ត្រៀមស្នាក់នៅ RB Leipzig បន្តហើយនិងប្តេជ្ញាពុះពារព្យាយាមពង្រឹងសមត្ថភាពបន្ថែមដើម្បីរក្សាតំណែងជាជាងផ្លាស់ទៅ Man United ។

រំលឹកដែរថា Werner បានស៊ុតបញ្ចូលទី ១៦ គ្រាប់ក្នុងរដូវកាលដំបូងនៅ Leipzig ប៉ុន្តែមិនសូវមានឱកាសលេងក្នុងក្រុម១១នាក់ដំបូង។ រីឯនៅជម្រើសជាតិអាឡឺម៉ង់វិញ Werner ចូលលេងបានតែ ៣ ដងប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ដោយរកបាន ២ គ្រាប់។ គួរជម្រាបដែរថា Werner ត្រូវបានគេស្គាល់ថា ជាកីឡាករល្អបំផុតមួយនៅ Premier League ដែលបានចំណាយពេល ២ ឆ្នាំនៅតោខៀវ Chelsea ក្នុងចន្លោះឆ្នាំ ២០២០ ដល់ ២០២២ ហើយជាកន្លែងអាចរកគ្រាប់បាល់បាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩ លើកនិងបាន assists ២១ដង៕