យោងតាម Youtube Channel របស់អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា គ្រូបង្វឹកលោក Erik ten Hag បានពិភាក្សាជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងការកំណត់អត្តសញ្ញាណលើខ្សែការពារ Jean-Clair Todibo របស់ក្លឹប Nice សម្រាប់ជំនួសតំបន់ការពាររបស់អតីតប្រធានក្រុម Harry Maguire បន្ទាប់ពីមានរឿងរាវជាច្រើនជុំវិញកីឡាករវ័យ ៣០ឆ្នាំរូបនេះ ដែលអាចនឹងចែកផ្លូវជាមួយ Man Utd ខណៈមានការរិះគន់ជាហូរហែពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ចំពោះការធ្វើឲ្យខូចបាល់ជាច្រើនលើកជាច្រើនសារកាលពីពេលកន្លងទៅនេះ។ ស្របពេល United មានភាពមមាញឹកជាខ្លាំងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយបានចុះហត្ថលេខាលើកីឡាករ Mason Mount, Andre Onana និង Rasmus Hojlund រួចរាល់។ គួរបញ្ជាក់ផងដែរថា ក្លឹបកំពុងតែធ្វើការបង្កើនកិច្ចខិតខំប្រឹងប្រែងលើខ្សែការពាររូបនេះឲ្យកាន់តែស៊ីជម្រៅ និងមិនឲ្យខកខានឡើយ ដោយ Todibo ជាជម្រើសទី១មានអាទិភាពក្នុងករណី Maguire ចាកចេញពីក្លឹប៕