ការផ្ទេររបស់ Neymar ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ឆេះនូវរលកថ្មីនៃភាពសាទរចំពោះកីឡាបាល់ទាត់នៅមជ្ឈិមបូព៌ា។កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចាកចេញពី Paris Saint-Germain ទៅចូលរួមជាមួយ Al-Hilal ក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្ហាញពីវត្តមាន របស់គាត់នៅក្នុងលីគដែលសម្បូរទៅដោយតារាអន្តរជាតិ។

គួរកត់សម្គាល់ថា អាវដែលមានលេខ 10 បានលក់អស់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហាញរបស់គាត់។ដូចដែលបានចុះផ្សាយដោយកាសែតបារាំង L’Equipe បុគ្គលិកមកពីហាងផ្លូវការរបស់ Al-Hilal ក្នុងទីក្រុង Riyadh រដ្ឋធានីនៃប្រទេសអារ៉ាប់បាន បង្ហាញថាអាវជិត ១០,០០០ ត្រូវបានកុម្ម៉ង់តាមអ៊ីនធឺណិតក្នុងរយៈពេលត្រឹមតែប្រាំពីរម៉ោងប៉ុណ្ណោះ បន្ទាប់ពី សេចក្តីប្រកាសជាផ្លូវការនៃការផ្ទេរ Neymar។

បុគ្គលិកហាងម្នាក់ទៀតបាននិយាយថា “វាជាលើកទីមួយហើយដែលខ្ញុំបានឃើញបែបនេះ” ដោយបន្ថែមថា ការលក់នៅតាមហាងជាក់ស្តែង គឺស្រដៀងគ្នា ដោយអាវទាំងអស់ដែលមានឈ្មោះ Neymar លក់អស់ក្នុងរយៈពេលតែប៉ុន្មាននាទី។
អ្នក​គាំទ្រ​ពិត​ជា​រីករាយ​ជា​មួយ​នឹង​ការ​មក​ដល់​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ ហើយ​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​គេ។

អ្នកគាំទ្រ Al-Hilal នៅខាងក្រៅហាងបានពន្យល់ថា “កូនប្រុសរបស់ខ្ញុំបានតាមដានព័ត៌មាននៃការផ្ទេររបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជារៀងរាល់ថ្ងៃ យើងមិនអាចទន្ទឹងរង់ចាំឃើញគាត់លេងនៅលើទីលាននោះទេ ហើយសង្ឃឹមថាគាត់នឹងរួចផុតពីបញ្ហារបួស”៕