ខ្សែការពារសញ្ជាតិតួកគី Merih Demiral បានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Ahli ផ្ទេរមកពីក្លឹបអ៊ីតាលី Atalanta លើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាស ពីក្លិបលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ក្លឹបទាំងពីរ មិនបានបង្ហាញពីតម្លៃ នៃការផ្ទេរកីឡាករវ័យ ២៥ឆ្នាំនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះ មានតម្លៃខ្លួនផ្ទេរ ២០លានអឺរ៉ូ ឬ ២១.៧៣លានដុល្លារ។ ​Demiral ដែលបានចូលរួមជាមួយក្លឹប Atalanta ដោយផ្លាស់មកពីក្លឹប Juventus ក្នុងឆ្នាំ២០២២ រកបានគ្រាប់បាល់ ១គ្រាប់ ក្នុង ២៨ប្រកួត ក្នុងការប្រកួតទាំងអស់ សម្រាប់លក្លឹប Atalanta កាលពីរដូវកាលមុន។ Demiral ជាកីឡាករថ្មីចុងក្រោយ ដែលបានចូលរួមជាមួយក្លឹប Al-Ahli បន្ទាប់ពីការទៅដល់របស់កីឡាករ Riyad Mahrez, Roberto Firmino, អ្នកចាំទី Edouard Mendy, Alain Saint-Maximin, Franck Kessie និងកីឡាករ Roger Ibanez។ គួរបញ្ជាក់ផងដែរថា ក្លឹប AI-Ahli ទើបតែឡើងទៅលេងនៅលីគ Pro league វិញ បន្ទាប់ពី១រដូវកាល លេងនៅលីគលំដាប់ទី២៕