Mount បានចូលរួមជាមួយ Man United ពី Chelsea ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៥៥លានផោន។គាត់បានចាប់ផ្តើមជាមួយក្រុមថ្មីរបស់គាត់បើករដូវកាលថ្មី Premier League ចំនួនពីរ ប៉ុន្តែមិនបានធ្វើឱ្យមានការចាប់អារម្មណ៍អ្វីនោះទេ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបង្ហាញខ្លួនមិនបានល្អនោះទេ ក្នុងពេលចាញ់ ១-០ ក្រោមថ្វីដៃក្រុម Wolves បន្ទាប់មកគាត់បានចាប់ផ្តើមនៅតំបន់កណ្តាល ក្នុងពេលដែលបិសាចក្រហមចាញ់ ២-០ ទៅលើក្រុម Tottenham កាលពីចុងសប្តាហ៍មុន។

កាន់តែអាក្រក់ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានរងរបួសសរសៃពួរ ដែលអាចធ្វើឲ្យគាត់អវត្តមានរហូតដល់ ៦សប្តាហ៍ នេះបើយោងតាមកាសែត Daily Mail បានបញ្ជាក់។នោះមានន័យថាគាត់ខកខានការប្រកួតលីគរបស់ Man United ទល់នឹង Nottingham Forest នៅថ្ងៃសៅរ៍ និងការប្រកួតដ៏ធំទល់នឹង Arsenal នៅចុងសប្តាហ៍បន្ទាប់។

មិននិយាយពីការប្រកួតជម្រុះ Euro ២០២៤ របស់អង់គ្លេសទល់នឹងអ៊ុយក្រែន និងមិត្តភាពជាមួយស្កុតឡេន។

របួសរបស់ Mount ក៏អាចធ្វើឱ្យគាត់មិនអាចត្រូវជ្រើសរើសសម្រាប់ការប្រកួតលីគរបស់ Man United ជាមួយ Brighton, Burnley និង Crystal Palace។

របួសរបស់ Mount អាចធ្វើឲ្យ Ten Hag ចុះហត្ថលេខាលើខ្សែបម្រើម្នាក់ទៀត មុនពេលទីផ្សារដោះដូរកីឡាករបិទនៅសប្តាហ៍ក្រោយ។

Sofyan Amrabat បន្តទាក់ទងជាមួយការផ្លាស់ប្តូរទៅកាន់ Old Trafford ដោយ Scott McTominay នៅតែស្ថិតក្នុងបញ្ជីរបស់ក្លឹប៕