Man Utd បានទទួលរងបរាជ័យ 3-2 ទល់នឹង Galatasaray នៅក្នុងផ្ទះខ្លួនឯង ក្នុងពាន Champions League។ Man United បានចាញ់ 6 ប្រកួតក្នុងចំណោម 10 ប្រកួតក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ ទន្ទឹមនឹងនេះ លោក Ten Hag ក៏បានគាំទ្រអ្នកចាំទី Andre Onana បន្ទាប់ពីកីឡាករអន្តរជាតិកាមេរូនរូបនេះបានបង្កកំហុស នៅក្នុងការប្រកួតកាលពីយប់មិញនេះ។

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United មិនព្រួយបារម្ភអំពីការបាត់បង់ការងាររបស់លោកទេ បន្ទាប់ពីការចាប់ផ្តើមដ៏ត្រដាបត្រដួស របស់ក្រុមលោក ក្នុងរដូវកាលនេះ ដោយបានបន្តជាមួយនឹងការបរាជ័យក្នុងផ្ទះ ក្នុងការប្រកួត Champions League ទល់នឹងក្រុម Galatasaray ។ គ្រូបង្វឹក Man Utd ក៏បានទទូចថា Andre Onana មានសមត្ថភាពក្លាយជាអ្នកចាំទីដ៏ល្អបំផុតមួយក្នុងពិភពលោក បើទោះបីជាមានកំហុសមួយផ្សេងទៀតនៅក្នុងអាជីពជាអ្នកចាំទី នៅ Manchester United ក៏ដោយ។

បិសាចក្រហម បាននាំមុខមុន 2- 1 ប៉ុន្តែលទ្ធផលនេះមិនរក្សារហូតទេ ដោយក្រុម Galatasaray បានវាយបកវិញ យកឈ្នះ 3-2 នៅក្នុងទឹកដី Old Trafford ក្រោមដំណក់ទឹកភ្លៀង។ លទ្ធផលនេះ ជាចំណែកមួយទៀត ដែលធ្វើឱ្យ Man Utd ចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ 1986។ ពួកគេបានចាញ់ 6 ប្រកួតក្នុងចំណោម 10 ប្រកួតដំបូងរបស់ពួកគេក្នុងរយៈពេល 37 ឆ្នាំ។


នៅពេលសួរថាតើលោក Ten Hag ខ្លាចបាត់បង់ការងាររបស់លោកឬអត់? បុរសសញ្ជាតិហូឡង់រូបនេះបាននិយាយថា “រដូវកាលមុន ពួកយើងធ្វើបានល្អ លើសពីអ្វីដែលយើងរំពឹងទុក” ។ “យើងក៏បានដឹងថានៅក្នុងដំណាក់កាលនេះ យើងនឹងមានចន្លោះប្រហោង ដែលវាជារឿងធម្មតា។ នៅពេលនេះយើងកំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ ដូចដែលគ្រប់គ្នាបានឃើញ ប៉ុន្តែយើងចេញមកជាមួយគ្នា យើងប្រយុទ្ធជាមួយគ្នា យើងនៅរួមសាមគ្គីគ្នា ហើយយើងនៅពីក្រោយគ្នាទៅវិញទៅមក។ គឺខ្ញុំ នាយកគ្រប់គ្រង ក្រុមការងារ យើងទាំងអស់គ្នានឹងបន្តប្រយុទ្ធទៅមុខទៀត” ។