ក្រុម Shakhtar Donetsk បាន​បង្អាក់​ក្តី​សង្ឃឹម​របស់​ក្រុម Barcelona ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​បន្ត​នៃ​ក្រប​ខណ្ឌ UEFA Champions League បន្ទាប់​ពី​ក្រុម​តំណាង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុង​ញាំញី​ដោយ​ភ្លើងសង្គ្រាម បាន​យកឈ្នះ​នៅ​ក្នុង​លទ្ធផល ១-០ នៅ​ក្នុង​ការ​ប្រកួត​ពូ​ល H ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​កណ្តាល ពោល​គឺ​នៅ​កីឡដ្ឋាន Volksparkstadion មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាំ​ប៊ឺ​ក (Hamburg) ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។


មួយ​គ្រាប់​ដោយ​ការ​តែ​ត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែប្រយុទ្ធ Danylo Sikan នៅ​នាទី​៤០ ដែល​ជា​ការ​បញ្ជូន​បាល់​ដោយ​ខ្សែការពារ​ស្តាំ Giorgi Gocholeishvili ដើម្បី​ជួយ​ក្រុម Shakhtar ដែល​លេង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នោះ ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ជំនួប​ទល់​នឹង​ក្រុម​អ្នកមាន​បុណ្យ Barcelona ដោយ​មាន​៦​ពិន្ទុ​ឈរ​នៅ​លេខ​៣ នៅ​ក្នុង​ពូ​ល H ខណៈ​ជ័យជម្នះ​នេះ បាន​បញ្ចប់​កំណត់​ត្រា​ឈ្នះ ១០០% របស់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ក្នុង​ពូ​ល ព្រមទាំង​ជួយ​ក្រុម Porto មាន​៩​ពិន្ទុ​ស្មើ Barcelona បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​ក្រុម Royal Antwerp លទ្ធផល ២-០ នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​។


ដោយឡែក ការ​ប្រកួត​គូ​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា កន្លង​ទៅ នៅ​ក្នុង​ពូ​ល E Atletico Madrid បំបាក់ Celtic ដែល​មាន​គ្នា​ត្រឹម​១០​នាក់ ដោយ​លទ្ធផល ៦-០ ចំណែក Lazio យកឈ្នះ Feyenoord លទ្ធផល ១-០​។ នៅ​ក្នុង​ពូ​ល F Dortmund ទទួល​ជ័យជម្នះ​លើ Newcastle លទ្ធផល ២-០ រីឯ AC Milan បំបាក់មុខ PSG ជាមួយ​លទ្ធផល ២-១​។ នៅ​ក្នុង​ពូ​ល G Manchester City លត់ Young Boys ដែល​សល់​គ្នា​ត្រឹម​១០​នាក់ ដោយ​លទ្ធផល ៣-០ ខណៈ​ដែល RB Leipzig បំបាក់មុខ​ម្ចាស់ផ្ទះ Red Star Belgrade នៅ​ក្នុង​លទ្ធផល ២-១៕