សំណេរទាំងស្រុងពីសហព័ន្ធបាល់ទាត់កម្ពុជា៖ តាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរ ក្នុងការតាំងចិត្ត ចង់ចូលសញ្ជាតិដើម្បីចូលរួមលេងអោយក្រុមជម្រើសជាតិកម្ពុជា ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga។ អំឡុងការកោះហៅកីឡាករបោះជុំរំហ្វឹកហាត់ត្រៀមលេងពានរង្វាន់បាល់ទាត់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ កាលពីខែតុលាកន្លងទៅ នៅក្នុងការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងអោយកម្ពុជាបាន។ នៅក្នុងការឆ្លើយតបទៅបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលមេធាវីនៅប្រទេសស្វីស ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីក្នុងការតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងអោយក្រុមជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នមេធាវីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលអោយធ្វើការតស៊ូមតិជាមួយ FIFA កំពុងធ្វើការងារក្នុងករណីនេះ។ ពួកយើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅពេលទទួលបានព័ត៌មានបន្ថែមអំពីករណីនេះ។ សូមអរគុណ