សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានជួលមេធាវីស្វីសមានឯកទេសបាល់ទាត់ ដើម្បីប្តឹងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ពាក់ព័ន្ធនឹងរឿងលក្ខណៈវិនិច្ឆ័យរបស់កីឡាករ Privat Mbarga ដើម្បីចូលជម្រើសជាតិកម្ពុជា។
ខ្សែប្រយុទ្ធ Privat Mbarga ជនជាតិកាម៉េរូន ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាដាក់សំណើររាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាកររូបនេះ បន្ទាប់ពីរូបគេបានចំណាយពេល ៨ឆ្នាំជាមួយអាជីពនៅក្នុងប្រទេសកម្ពុជា ពោលគឺចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២១ មុនពេលផ្លាស់ទៅចូលរួមជាមួយក្លិប Bali United នៅប្រទេសឥណ្ឌូនេស៊ី។
អតីតខ្សែប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ ត្រូវបានកោះហៅចូលជុំរំហ្វឹកហាត់ជម្រើសជាតិកម្ពុជាត្រៀមសម្រាប់ការប្រកួត២ជើង វគ្គជម្រុះបឋមជុំទី១ ពានរង្វាន់ FIFA World Cup 2026 តំបន់អាស៊ី កាលពីខែតុលាកន្លងទៅ ប៉ុន្តែដោយសារភាពយឺតយ៉ាវរបស់ FIFA លើការផ្តល់ការអនុញ្ញាត ទើប Privat ខកខានការប្រកួតទាំង២ជើង ហើយគោព្រៃកម្ពុជាមិនអាចបន្តទៅកាន់ការប្រកួតជុំទី២ បន្ទាប់ពីចាញ់ប៉ាគីស្ថានសរុបទាំង២ជើងលទ្ធផល ១-០។
ខាងក្រោមជាសំណេរទាំងស្រុងរបស់សហព័ន្ធបាល់ទាត់កម្ពុជា ដែលបង្ហោះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបញ្ហាកីឡាករ Privat Mbarga ៖
«តបតាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរ ក្នុងការតាំងចិត្ត ចង់ចូលសញ្ជាតិដើម្បីចូលរួមលេងអោយក្រុមជម្រើសជាតិកម្ពុជា ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga។ អំឡុងការកោះហៅកីឡាករបោះជុំរំហ្វឹកហាត់ត្រៀមលេងពានរង្វាន់បាល់ទាត់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ កាលពីខែតុលាកន្លងទៅ នៅក្នុងការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងអោយកម្ពុជាបាន។
នៅក្នុងការឆ្លើយតបទៅបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលមេធាវីនៅប្រទេសស្វីស ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីក្នុងការតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងអោយក្រុមជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នមេធាវីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលអោយធ្វើការតស៊ូមតិជាមួយ FIFA កំពុងធ្វើការងារក្នុងករណីនេះ។ ពួកយើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅពេលទទួលបានព័ត៌មានបន្ថែមអំពីករណីនេះ។ សូមអរគុណ»៕