ខ្សែប្រយុទ្ធហ្គាណា Raphael Dwamena បានស្លាប់បាត់បង់ជីវិតនៅវ័យ២៨ឆ្នាំ បន្ទាប់ពីគាត់ទទួលរងការគាំងបេះដូងធ្ងន់ធ្ងរនៅអំឡុងពេលប្រកួតរវាងក្រុម KF Egnatia ទល់នឹង Partizani Tirana កាលពីថ្ងៃសៅរ៍ ខណៈការប្រកួតត្រូវបានផ្អាកនិងបញ្ចប់ក្នុងលទ្ធផល ១:១ ។ គាត់ធ្លាប់លេងឱ្យក្រុម Levante នៃក្របខ័ណ្ឌ La Liga ចន្លោះឆ្នាំ ២០១៨ និង ២០២០។ កីឡាករវ័យ២៨ឆ្នាំរូបនេះ មានប្រវត្តិពាក់ព័ន្ធនឹងបញ្ហាបេះដូង ដោយនៅឆ្នាំ ២០១៧ ត្រូវបានគេរកឃើញថាគាត់មានពិការភាពបេះដូង ស្របពេលគាត់ធ្លាប់ដួលសន្លប់ក្នុងអំឡុងការប្រកួត Austrian Cup នៅឆ្នាំ ២០២១ ម្តងដែរ ប៉ុន្តែគាត់ត្រូវបានក្រុមគ្រូពេទ្យសង្រេ្គោះជីវិតទាន់ពេល។ គួរជម្រាបដែរថា បន្ទាប់ពីការស្លាប់របស់ Dwamena ការប្រកួតបាល់ទាត់ផ្សេងទៀតនៅក្របខ័ណ្ឌកំពូលរបស់អាល់បានីនាចុងសប្តាហ៍នេះនឹងត្រូវបានពន្យារពេល៕