ខ្សែប្រយុទ្ធ Robert Lewandowski រកបាន 2 គ្រាប់ជួយឱ្យក្រុមអ្នកមានបុណ្យ FC Barcelona វាយបកយកឈ្នះទៅលើក្រុម Alaves ក្នុងលទ្ធផល 2-1 នៅក្នុងក្របខណ្ឌលីកកំពូលអេស្ប៉ាញ La Liga។
ជ័យជម្នះ ទៅលើក្រុម Alaves ធ្វើឱ្យ Barcelona ឈរនៅលេខ 3 ក្នុងតារាង La Liga មាន 30 ពិន្ទុ និងតាមពីក្រោយក្រុមលេខ 1 Girona 4 ពិន្ទុ និង ក្រុមលេខ 2 Real Madrid ចំនួន 2 ពិន្ទុ។ 2 គ្រាប់របស់ Lewandowski ស៊ុតទៅលើ Alaves គឺជាគ្រាប់បាល់ទី 6 និង ទី 7 របស់គេនៅក្នុងលីកកំពូលអេស្ប៉ាញ ក្នុងរដូវនេះ។
ចំណែកគ្រូបង្វឹក Barcelona លោក Xavi បានប្រាប់ Movistar Plus ថា “យើងត្រូវដឹងខ្លួនអំពីពេលវេលារបស់យើង និងរកចំណុចខ្វះខាតរបស់ខ្លួនឯង។ យើងមិនបានបង្ហាញទម្រង់លេងល្អនាពេលថ្មីៗនេះទេ ហើយចាំបាច់ត្រូវកែលម្អឱ្យកាន់តែរីកចម្រើនទៅមុខ” ។
Xavi បន្តថា “ការសម្រាកជាសកល នាពេលខាងមុខបានមកដល់ក្នុងពេលវេលាដ៏ល្អ សម្រាប់យើង ដូច្នេះយើងអាចកែប្រែ និងខិតខំប្រឹងប្រែងដើម្បីកែកំហុសរបស់យើង។ ខ្ញុំមានសុទិដ្ឋិនិយម ហើយខ្ញុំគិតថាយើងមានទេពកោសល្យគ្រប់គ្រាន់ដើម្បីត្រលប់មកវិញក្នុងទម្រង់លេខល្អជាងមុន ក្នុងរយៈពេលពីរសប្តាហ៍” ៕