Real Madrid នឹងត្រូវបើកការប្រកួតពានរង្វាន់ UEFA Champions League ជុំទី៥ ពូល C របស់ពួកគេទល់នឹងក្រុម Napoli ប៉ុន្តែក្រុមអធិរាជកំពុងជួបជាមួយនឹងបញ្ហាកីឡាកររបួសជាច្រើនរូប។
យ៉ាងណាមិញ គ្រូបង្វឹកលោក Carlo Ancelotti បាននិយាយថា ក្រុមរបស់ខ្លួនបានបង្ហាញថាពួកគេរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងអស់។
បញ្ជីកីឡាកររបួសរបស់ Real Madrid រួមមាន Aurelien Tchouameni, Vinicius Junior, Eduardo Camavinga ខណៈ Luka Modric ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ បន្ទាប់ពីរូបគេបានរងរបួសនៅក្នុងការប្រកួតឈ្នះ ៣-០ នៅលើទឹកដីក្រុម Cadiz ក្នុងក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍កន្លងទៅ។ ក្រៅពីនេះ អ្នកចាំទី Thibaut Courtois ត្រូវអវត្តមានរយៈពេលវែង ហើយអ្នកចាំទី Kepa Arrizabalaga បានអវត្តមានបីប្រកួតចុងក្រោយដោយសាររបួស។
ទោះយ៉ាងណា លោក Carlo Ancelotti បានអះអាងថា កីឡាកររបួសមិនមែនជាបញ្ហាឡើយ ដោយ Real Madrid នៅតែមានភាពខ្លាំងរបស់ខ្លួន។
គ្រូបង្វឹក វ័យ៦៤ឆ្នាំ បានឱ្យដឹងបែបនេះថា៖ “ដើម្បីនិយាយច្រើនអំពីបញ្ហាដែលយើងមាន និងកីឡាករអវត្តមាន ខ្ញុំគិតថាវាជាការមិនគោរពចំពោះកីឡាករដែលនឹងទៅលេងនៅទីនេះ។ ពួកគេកំពុងធ្វើវាបានល្អខ្លាំងណាស់ ដូច្នេះលើសពីការគិតអំពីអ្វីដែលយើងមិនមាន វាជារឿងសំខាន់ក្នុងការគិតពីអ្វីដែលយើងមាន។ ពួកគេកំពុងចូលរួមចំណែកក្នុងរបៀបមួយដែលមិននឹកស្មានដល់។ ប្រសិនបើយើងល្អជាមួយបញ្ហាទាំងអស់នេះ វាមានន័យថាដូចដែលខ្ញុំបាននិយាយ យើងមានក្រុមដ៏ល្អមួយ”។
ក្រុមរបស់លោក Ancelotti ទទួលបានកៅអីឡើងទៅកាន់វគ្គបន្តបន្ទាប់ពីឈ្នះ ៤ លើកពីការប្រកួត UEFA Champions League ចំនួន ៤ ដង ហើយត្រូវការត្រឹមតែមួយពិន្ទុទល់នឹង Napoli ដើម្បីធានាបានចំណាត់ថ្នាក់កំពូលក្នុងពូល។
Real Madrid មាន ១២ ពិន្ទុក្នុងពូល C ខណៈ Napoli មាន៧ ពិន្ទុស្ថិតនៅលេខ២ក្នុងពូល ។ ក្រុមទាំង២នឹងត្រូវធ្វើការប្រកួតគ្នា នាយប់នេះ ដែលធ្វើឡើង នាទីលាន Santiago Bernabéu ៕