មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារចែកចាយសំបុត្រចូលទស្សនាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយរបស់សារព័ត៌មានវៀតណាម ដែលចោទប្រកាន់ថាកម្ពុជាមានទីផ្សារងងឹតលក់សំបុត្រចូលទស្សនាការប្រកួតសំបុត្រតម្លៃ៦ដុល្លារ។
សារព័ត៌មានវៀតណាមឈ្មោះថា Webthethao.vn ដែលជាសារព័ត៌មានផ្នែកកីឡា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានចេញផ្សាយអត្ថបទមួយបង្ហាញពីការលំបាកស្វែងរកសំបុត្រ ដើម្បីចូលទស្សនាការប្រកួតរវាងជម្រើសជាតិវៀតណាម និងជម្រើសជាតិឡាវ។
ក្នុងសារព័ត៌មាននេះ បានលើកឡើងថា ការចែកសំបុត្រដែលធ្វើឡើងក្នុងរយៈពេលខ្លី ស្រាប់តែសំបុត្រក៏ត្រូវបានចែកអស់ ខណៈលេខរៀងនៃការចែកសំបុត្រនោះបានត្រឹមតែពីរបីពាន់ប៉ុណ្ណោះ។សារព័ត៌មានបានរៀបរាប់ទៀតថា ដោយសារតែការចង់មើលការប្រកួតនៃជំនួបរវាងវៀតណាម និងឡាវនោះ មានអ្នកគាំទ្រវៀតណាមខ្លះព្យាយាមស្វែងរកទិញសំបុត្រ តែក៏ទិញមិនបានដែរ។មន្ត្រីជាន់ខ្ពស់របស់កម្ពុជាទទួលការងារចែកសំបុត្រទស្សនការប្រកួតបាល់ទាត់ បានច្រានចោលការលើកឡើងថា កម្ពុជាមានកន្លែងលក់សំបុត្រសម្រាប់ទស្សនាការប្រកួត។មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា តារាងព្រីន ដែលជាកន្លែងប្រកួតជម្រុះក្នុងពូល B នឹងជាកន្លែងជំនួបរវាងក្រុមជម្រើសជាតិវៀតណាម និងឡាវកាលពីថ្ងៃទី៣០ ខែមេសា អាចផ្ទុកអ្នកទស្សនា បានត្រឹមតែ ៥ពាន់នាក់ប៉ុណ្ណោះ។ ក្នុងនោះសំបុត្ររហូតដល់ទៅ ៣០ភាគរយ ត្រូវបានរៀបចំប្រគល់ជូនដល់អ្នកគាំទ្រជម្រើសជាតិវៀតណាម។
ការចែកសំបុត្រសម្រាប់ការចូលទស្សនាប្រកួតបាល់ទាត់ កំពុងបង្កបញ្ហាស្មុគស្មាញច្រើន ដោយសារតែអ្នកខ្លះរកមិនបានសំបុត្រចូលទស្សនា ព្រោះតែកន្លែងអង្គុយ មានកំណត់។ អ្នកទស្សនាខ្លះ ចង់ឱ្យរៀបចំការបែងចែកសំបុត្រដាច់ដោយឡែកពីគ្នា រវាងការប្រកួតដែលមានជម្រើសជាតិកម្ពុជា និងគូប្រកួតមិនមានជម្រើសជាតិកម្ពុជា។ បន្ថែមពីលើនោះ សំបុត្រមួយគួរតែមើលបានមួយប្រកួតបានហើយ ចៀសវាងអ្នក បានសំបុត្រមើលតែជម្រើសជាតិរបស់គេ ហើយមិនទៅមើលជម្រើសជាតិដទៃ នាំឱ្យសល់កន្លែង រីឯអ្នកផ្សេងដែលត្រូវមើលជម្រើសជាតិខ្លួនបែរជាអត់សំបុត្រទៅវិញ។ ពាក់ព័ន្ធបញ្ហានេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកចែកសំបុត្រ បានបង្ហាញការបារម្ភថា បើកំណត់ឱ្យសំបុត្រមួយមើលបានតែមួយប្រកួត ខ្លាចអ្នកមើលប្រកួតមុនហើយ មិនព្រមចេញនោះនាំឱ្យប៉ះពាល់ដល់អ្នកចូលទស្សនាប្រកួតក្រោយ៕