ក្រុមកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង បន្ទាប់ពីបានលេង ១៧ ប្រកួត នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នៅចុងសប្តាហ៍នេះ ដើម្បីយក ៣ ពិន្ទុបន្ថែម។ ប៉ុន្តែជាមួយនឹងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ខណៈលោក Mikel Arteta ត្រូវបានអះអាងថាបានកំណត់អត្តសញ្ញាណលើខ្សែបម្រើ Martin Zubimendi របស់ក្រុម Real Sociedad ដែលត្រូវបានអ្នកគាំទ្រប្រៀបធៀបសមត្ថភាពប្រដូច Sergio Busquets។

បើយោងតាមសារព័ត៌មានចុងក្រោយ The Atheltic របស់លោក David Ornstein បានឲ្យដឹងថា ខ្សែបម្រើរូបនេះនៅតែជាជម្រើសចង់បានរបស់ក្រុម Arsenal បើទោះជាពីមុនមិនទាន់មានផែនការក៏ដោយ។ ទន្ទឹមនឹងនេះ នៅអាយុត្រឹម២៤ឆ្នាំ កីឡាករសញ្ជាតិអេស្ប៉ាញ មិនមានបំណងចង់ចាកចេញពី Real Sociedad ក្នុងពេលឆាប់ៗនោះទេ។ បើទោះជាយ៉ាងនេះក្តី Arsenal នឹងត្រូវបង្ខំចិត្តបញ្ចុះបញ្ចូល និងត្រៀមបង្កើនប្រាក់បន្ថែមដល់ ៥១លានផោន សម្រាប់កិច្ចព្រៀមមួយនេះ៕