គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានឆ្លើយតបយ៉ាងហួសចិត្ត ក្រោយត្រូវបានគេឲ្យជ្រើសរើសរវាងក្លឹប Manchester City ដែលជាក្រុមលោកដឹកនាំនាពេលបច្ចុប្បន្ន និង Barcelona ដែលជាក្រុមដែលលោកជោគជ័យជាខ្លាំងកាលពីអតីតកាល។ កាលពីថ្ងៃចន្ទលោក Pep Guardiola បានជាប់ឈ្មោះជាគ្រូបង្វឹកបុរសល្អជាងគេ The Best FIFA Awards ក្នុងទីក្រុងឡុងប្រទេសអង់គ្លេស។ បុរសជនជាតិអេស្បាញ់រូបនេះបានជួយក្រុម Man City ឈ្នះពានរង្វាន់ធំ ៣ក្នុងមួយរដូវកាលជាលើកដំបូងកាលពីរដូវកាលមុន ដោយបានឈ្នះពាន Premier League, FA Cup និង UEFA Champions League ដែលអ្នកគាំទ្រតែងតែថា Treble ដែលនៅអង់គ្លេសមានតែ​ Manchester United មួយប៉ុណ្ណោះធ្លាប់ធ្វើវាបាន។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់ Pep ៦រដូវកាល ក្លឹប Man City បានធ្វើឲ្យមហារជនភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងទម្រង់លេងដ៏ល្អឥតខ្ចោះពីមួយរដូវកាលទៅមួយរដូវកាល ហើយជាពិសេរពានរង្វាន៉ Champions league កាលពីរដូវកាលមុនគឺជាពានរង្វាន់ទ្វីបអឺរ៉ុបដំបូងគេដែលពួកគេឈ្នះក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។

យ៉ាងណាមិញបើមើលទៅអតីតកាលបុរសវ័យ៥២ឆ្នាំរូបនេះធ្លាប់ជួយក្រុម Barcelona ឈ្នះពានរង្វាន់ធំៗ បីក្នុងមួយរដូវកាលម្តងរួចមកហើយកាលពីរដូវកាល២០០៨ ២០០៩ ។ ដោយជំនាន់នោះគឺលោកមានកូនសិស្សដូចជា Leo Messi, Xavi, Andreas Iniesta និង Carles Puyol ជាដើម។ យ៉ាងណាមិញក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់កាលពីយប់ថ្ងៃចន្ទ រូបលោកត្រូវអតីតកីឡាករ Arsenal និង Barcelon គឺ Henry Thierry សាកសួរគាត់ថា រវាងក្រុម Man City និង Barcelona តើ Pep ជ្រើសរើសយកមួយណា។ តែលោក Pep Guardiola បានឆ្លើយតបវិញថា៖ «ចង្រៃយ៍ (F***)» ហើយលោកបន្តថា៖ «ខ្ញុំមិនដឹងទេ វាជាសំណួរល្អ! ក្រុមទាំងពីរគឺជាក្រុមដ៏អស្ចារ្យ។ ក្រុម Barcelona [កាលជំនាន់របស់គាត់] ជាក្រុមដ៏អស្ចារ្យ ពួកយើងគឺពិតជាក្មេង ហើយក្រុមនៅអង់គ្លេស Premier League គឺពិតខ្លាំង និងពិបាកក្នុងព្រឹត្តិការណ៍ជាច្រើន។ ប៉ុន្តែពួកយើងនៅតែធ្វើបានល្អពីមួយរដូវកាលទៅមួយរដូវកាល ហើយសម្បីតែបន្ទាប់ពីឈ្នះ Treble ។ Barca គឺជាក្លឹបក្នុងបេះដូងរបស់ខ្ញុំ ហើយវាជាមូលហេតុដែលខ្ញុំនៅទីនេះ ពួកគេជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់ខ្ញុំ»៕