សមាជិកពីរនាក់នៃក្រុមតោខៀវ Chelsea បានចូល like លើការបង្ហោះនៅលើ Instagram ដែលប្រកាសពីការចាកចេញរបស់ Graham Potter នៅល្ងាចថ្ងៃអាទិត្យ។ មួយថ្ងៃ បន្ទាប់ពីការខកចិត្តដ៏ជូរចត់របស់ពួកគេក្នុងលទ្ធផល 2-0 ក្រោមស្នាដៃក្រុម Aston Villa ក្នុងលីក ក្លឹប Chelsea បានសម្រេចចិត្តបណ្តេញលោក Potter ចេញពីតួនាទីជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំបានត្រឹមតែ 31 ប្រកួតប៉ុណ្ណោះ។ អតីតគ្រូបង្វឹក Brighton វ័យ 47 ឆ្នាំរូបនេះបានជំនួសតំណែងលោក Thomas Tuchel នៅដើមខែកញ្ញា ហើយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំនៅ Stamford Bridge ។ គាត់ក៏ទទួលខុសត្រូវចំពោះការមកដល់នៃការចុះហត្ថលេខាលើលុយធំជាច្រើន រួមទាំង Enzo Fernandez, Mykhailo Mudryk, Benoit Badiashile និង Noni Madueke ។

ប៉ុន្តែជាមួយនឹងការឈរនៅលេខរៀងទី 11 ក្នុងតារាង Premier League បានធ្វើឲ្យពេលវេលារបស់គាត់បានឈានដល់ទីបញ្ចប់កាលពីថ្ងៃអាទិត្យ ខណៈដែល Chelsea បានបញ្ជាក់ថា Bruno Saltor នឹងចូលបម្រើការងារជាបណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា កីឡាករទាំងអស់មានការស្រឡាំងកាំង បន្ទាប់ពីបានដឹងពីព័ត៌មានតាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Chelsea ។ ប៉ុន្តែ​កីឡាករពីររូបបានធ្វើការ Like​​ នូវផុស Instagram ដែលបានប្រកាស​ពី​ការ​បណ្តេញ​គាត់​ចេញ។ Denis Zakaria បានឡែកលើផុសរបស់គណនី 433 ដែលបានសរសេរអំពីការចាកចេញរបស់លោក Potter “BREAKING: Graham Potter ត្រូវបាន Chelsea បណ្តេញចេញ” ។ ហើយនឹងម្នាក់ទៀតជា Pierre-Emerick Aubameyang ក៏ត្រូវបានគេនិយាយថា បាន ‘Like’ ការបង្ហោះ Instagram បញ្ជាក់ពីការចាកចេញរបស់គាត់។