យោងតាមប្រភពគេហទំព័រ goal.com បានឲ្យដឹងថា អតីតកីឡាករក្រុមបិសាចក្រហម Manchester United លោក Odion Ighalo បាននិយាយថា «វីរបុរសរបស់ប្រទេសព័រទុយហ្គាល់ Cristiano Ronaldo បានផ្លាស់ទៅកាន់អារ៉ាប៊ីសាអូឌីតគឺដើម្បីតែប្រាក់សុទ្ធសាធជំនួសឱ្យហេតុផលផ្សេងពីនេះ»។ Ighalo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Saudi Pro League កាលពីរដូវកាលមុន ដោយគាត់លេងឲ្យក្លឹប Al-Hilal ។ ឥឡូវនេះគាត់បានអះអាងថា គាត់បានផ្លាស់ទៅកាន់ប្រទេស ដែលហ៊ានផ្តល់ប្រាក់ឈ្នួលខ្ពស់ ហើយបានទទូចថា Ronaldo ក៏ធ្វើដូចគ្នាដែរ ដោយបានចូលរួមជាមួយ Al-Nassr រួមជាមួយនឹង Benzema ក៏ផ្ទេរមកប្រទេសអារ៉ាប់ដូចគ្នា។
Ighalo វ័យ ៣៤ឆ្នាំ បាននិយាយទៅកាន់ OmaSportsTV បន្ថែមថា «កាលអ្នកនៅក្មេង អ្នកលេងបាល់ទាត់ព្រោះជាការស្រលាញ់ ដោយពីពេលមុនអ្នកមិនខ្វល់ពីលុយទេ ប៉ុន្តែនៅអាយុរបស់ខ្ញុំ ខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់ខ្ញុំហើយ មិនដឹងថាខ្ញុំអាចលេងបានមួយ ឬពីរឆ្នាំ បន្តទៀតនោះទេ» ។ «ខ្ញុំដឹងថាវាមិនលើសពីបីឆ្នាំទេ។ ខ្ញុំលេងដោយសារការស្រលាញ់ចេញពីចិត្តពេញមួយជីវិតរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំលេងគឺដើម្បីតែលុយ» ។ «Ronaldo រកបានប្រាក់ពលកម្ម ១០០ដងច្រើនជាងខ្ញុំ ស្ទើរពេញមួយជីវិតរបស់ខ្ញុំរួចទៅហើយ តើពិតទេគាត់មកអារ៉ាប់ព្រោះតែការស្រលាញ់បាល់ទាត់? តែបើតាមខ្ញុំដឹង គឺដើម្បីលុយទេបងប្អូន»៕
ប្រភព៖cambosport