អ្នកចាត់ការទូទៅក្រុមតោខៀខ Chelsea លោក Mauricio Pochettino បានលើកឡើងថា កីឡាករចំណូលថ្មី Lesley Ugochukwu អាចនឹងត្រូវដាក់អោយក្លឹបដទៃលេងខ្ចីជើងដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀត បន្ទាប់ពីខ្សែបម្រើអន្តរជាតិបារាំងរូបនេះបានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ២៧ លានអឺរ៉ូស្មើនិង(២៣.២ លានផោន) ពីក្លឹបនៅលីកកំពូលបារាំង Rennes ។
Ugochukwu បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៧ឆ្នាំ ប៉ុន្តែ Pochettino មិនទាន់សម្រេចចិត្តអនាគតភ្លាមៗរបស់កីឡាកររូបនេះនៅឡើយទេ បើទោះបីជាកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញខ្លួន ៤៧ ប្រកួតនៅ Ligue ១ សម្រាប់ក្រុម Rennes និងបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Europa League ផងដែរ។
លោក Pochettino បាននិយាយថា “យើងត្រូវវាយតម្លៃគាត់នៅពេលគាត់ចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃនេះហើយបន្ទាប់មកនៅទីក្រុងឡុងដ៍បន្ទាប់ពីដំណើរទេសចរណ៍ ។គាត់ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យ។ ឥឡូវនេះដល់ពេលដែលត្រូវវាយតម្លៃគាត់រហូតដល់ចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ ហើយមើលថាតើគាត់នឹងនៅជាមួយយើង ឬនិងផ្តល់អោយគាត់លេងក្នុងការខ្ចីជើង។
ប្រភព៖ Cambosports