ក្រឡេកមកមើលសកម្មភាពរបស់លោក ចែម ចាន់រ៉ា ហៅនាយពាក់មី នាពេលចុងក្រោយនេះ ហាក់សកម្មខ្លាំងក្នុងការប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធាបុប្ផា តាមរយៈការប្រកួតបាល់ទាត់ជាមួយក្រុមផ្សេងៗដោយប្រើថ្វីជើងក្រុមបាត់ទាត់ផ្ការីកគ្រប់រដូវរបស់លោក។
មិនទាន់ឃើញប្រកាសចេញពីមាត់នាយពាក់មី ស្រាប់តែនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នេះ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលយកការណាត់ប្រកួតមិត្ដភាពជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់នាយពាក់មីជាមួយក្រុមបាល់ទាត់ខ្ញុំស្រឡាញ់កំពង់ស្ពឺ នៅថ្ងៃទី៥ ខែសីហា វេលាម៉ោង ៥ល្ងាច នាពហុកីឡដ្ឋានកំពង់ស្ពឺ។
លោក វ៉ី សំណាង បានអំពាវនាវដល់ពុក ម៉ែ បងប្អូន ចូលរួមទស្សនាឲ្យបានច្រើនកុះករនៅថ្ងៃនោះ ដើម្បីបង្ហាញពីការគាំទ្រដល់ក្រុមបាល់ទាត់ផង និងបង្ហាញពីទឹកចិត្ដសប្បុរសធម៌ផង។ បើតាមអភិបាលខេត្ដរូបនេះ ការប្រកួត នឹងត្រូវដឹកនាំដោយនាយពាក់មី និងរូបលោកផ្ទាល់។
ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់នាយពាក់មី ដែលត្រូវប៉ះជើងគ្នានៅលើទឹកដីខេត្ដកំពង់ស្ពឺ ខាងមុខនេះ គឺមានចំនួន១២នាក់ ដោយក្នុងនោះគេឃើញមានវត្ដមានតារាប្រុសៗល្បីៗមួយចំនួនដូចជា៖ នាយពាក់មី នាយក្ដី ពិធីករ ពៅ មេត្ដា តារាចម្រៀង ខេម គូម៉ា និងចេន ជាដើម។
ជាច្រើនលើកហើយដែលក្រុមបាល់ទាត់នាយពាក់មី បានប្រគល់ថវិកាសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធាបុប្ផា រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានប្រក់រង្វាន់ពីម្ចាស់ឧបត្ថម្ភដែលមានធនធានដល់ក្រុមលោក ហើយលោក៏សម្រេចប្រគល់ថវិកាទាំងនេះទៅមន្ទីរពេទ្យវិញ ក្នុងន័យបានរួមចំណែកជួយសង្គ្រោះជីវិតកុមារជាច្រើននៅកម្ពុជា៕